វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រសួងសុខាភិបាលរបស់ប្រទេសវៀតណាម បានស្នើសុំការផាកពិន័យចាប់ពី ១ ទៅ ២ លានដុងស្មើនឹង ៤០-៨០ ដុល្លារអាមេរិកសម្រាប់បុគ្គល ដែលប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលថ្នាំជក់ជាមួយនឹង បទល្មើសដដែលៗនឹងត្រូវពិន័យទ្វេដង។
នៅក្រោមសេចក្តីព្រាងវិសោធនកម្មក្រឹត្យលេខ ១១៧ ស្តីពីការពិន័យរដ្ឋបាលក្នុងវិស័យថែទាំសុខភាព ព័ត៌មានរបស់អ្នករំលោភបំពាននឹង ត្រូវបានរាយការណ៍ទៅអាជ្ញាធរពាក់ព័ន្ធ ឬសាលារៀនដើម្បីចាត់វិធានការបន្ត ហើយផលិតផលរឹបអូសនឹងត្រូវបំផ្លាញចោល។ សេចក្តីព្រាងច្បាប់នេះ បើកសម្រាប់ការពិគ្រោះជាសាធារណៈ រហូតដល់ដើមខែមីនា។
វៀតណាមបានហាមប្រាមបារីអេឡិចត្រូនិច និងផលិតផលថ្នាំជក់ចាប់ពីឆ្នាំនេះ ដោយក្លាយជាប្រទេសអាស៊ានទី៦ និងជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៤៣ ទូទាំងពិភពលោកដែលធ្វើសកម្មភាពនេះ។ គិតត្រឹមឆ្នាំនេះ ទំនិញទាំងនេះត្រូវបាន ចាត់ថ្នាក់ជាទំនិញហាមឃាត់ ដោយមានការរំលោភបំពាន ត្រូវផ្តន្ទាទោសតាមច្បាប់ដែលមានស្រាប់។
ការផលិត ការជួញដូរ ការផ្ទុក ការដឹកជញ្ជូន និងការផ្សាយពាណិជ្ជកម្មនៃផលិតផល ទាំងនេះត្រូវបានពិន័យដោយការដាក់ទណ្ឌកម្មចាប់ពី ១០០ លានដុងទៅ ១ ពាន់លានដុង (៤,000-៤០,០០០ ដុល្លារអាមេរិក) ឬដាក់ពន្ធនាគារពី១ ទៅ ៥ ឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយការខ្វះខាត ការពិន័យជាក់លាក់សម្រាប់ការប្រើប្រាស់ និងការសម្របសម្រួល បានជំរុញឲ្យក្រសួងសុខាភិបាលស្នើបទប្បញ្ញត្តិបន្ថែម។
ការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផលថ្នាំជក់កម្ដៅបានកើនឡើង នៅប្រទេសវៀតណាម ជាពិសេសក្នុងចំណោមយុវជន។ ចាប់ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២០ អត្រាប្រេវ៉ាឡង់នៃការប្រើប្រាស់បារីអេឡិចត្រូនិច ក្នុងចំណោមមនុស្សពេញវ័យ (អាយុចាប់ពី ១៥ ឆ្នាំឡើងទៅ) បានកើនឡើងពី ០.២ ភាគរយ ទៅ ៣.៦ភាគរយ ។ ក្នុងចំណោមសិស្សដែលមានអាយុពី ១៣-១៧ ឆ្នាំ ការប្រើប្រាស់បានកើនឡើងពី ២.៦ភាគរយក្នុងឆ្នាំ ២០១៩ ដល់ ៨.១ភាគរយ ក្នុងឆ្នាំ២០២៣ ។ ការស្ទង់មតិបឋមក្នុងខេត្តចំនួន១១ បានបង្ហាញពីអត្រាប្រើប្រាស់ ៤.៣ភាគរយក្នុងចំណោមក្មេងស្រី មានអាយុពី ១១-១៨ ឆ្នាំ ក្នុងឆ្នាំ ២០២៣។
ក្រសួងសុខាភិបាលបានបង្ហាញ ការព្រួយបារម្ភយ៉ាងខ្លាំងអំពីនិន្នាការនេះ ជាពិសេសឥទ្ធិពលរបស់វាទៅលើយុវជន។ ផលិតផលទាំងនេះមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់សុខភាព និងបង្កឲ្យមានការញៀន ជាតិនីកូទីនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ត្រូវបានជាប់ពាក់ព័ន្ធជាមួយនឹងគ្រឿងញៀន ដែលនាំឲ្យមានករណីពុលជាច្រើនក្នុងចំណោមសិស្ស។
ក្រសួងសន្តិសុខសាធារណៈបានរាយការណ៍ ពីការកើនឡើងយ៉ាងខ្លាំងនៃករណីពាក់ព័ន្ធនឹងបារីអេឡិចត្រូនិច និងផលិតផលថ្នាំជក់ដែលមានផ្ទុកសារធាតុញៀន។ ឆ្នាំ ២០២៣ អាជ្ញាធរបានកាត់ទោស ៨៦ ករណី ហើយត្រីមាសទី ១ ឆ្នាំ ២០២៤ មាន ៣៣ ករណី ដែលជិតពាក់កណ្តាលនៃចំនួនសរុបពីឆ្នាំមុន៕