បរទេស៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កំពុងផ្ទុះសង្គ្រាមពាក្យសម្តី បន្ទាប់ពីមានការត្អូញត្អែររបស់លោកឧត្តមសេនីយ៍ Prawit Wongsuwon មេដឹកនាំគណបក្ស Palang Pracharath អំពីភាពជាជនរងគ្រោះ របស់លោក ដោយនិយាយថា ភាពហិនហោចក្នុងនយោបាយអាចត្រូវ បានគេតាមរកឬសគល់ ទៅដល់មាត់ទ្វារផ្ទះ របស់លោកឧត្តមសេនីយ៍ ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក ថាក់ស៊ីន បាននិយាយថា៖ «ភាពរញ៉េរញ៉ៃដែលយើងមាននៅថ្ងៃ នេះបានចោទ ជាសំណួរថា ហេតុអ្វីបានជាធ្វើរដ្ឋប្រហារកើតឡើង? ឧត្តមសេនីយ Prawit គឺជាឥស្សរជនដ៏លេចធ្លោម្នាក់ នៅក្នុងរដ្ឋបាល លោកឧត្តមសេនីយ៍ Prayut Chan-o-cha ដែលត្រូវបានដំឡើងដំបូង ដោយក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់ (NCPO) ដែលជាអ្នកបង្កើតរដ្ឋប្រហារ ដែលបានផ្តួលរំលំរដ្ឋាភិបាល ដឹកនាំដោយគណបក្សភឿថៃ កាលពីខែឧសភា ឆ្នាំ២០១៤។
លោក ថាក់ស៊ីន បាននិយាយថា ដំណើរការ នៃរដ្ឋាភិបាលគួរតែត្រូវបានអនុញ្ញាតឱ្យដំណើរ ការជាជាងការយាយីដោយរដ្ឋប្រហារយោធា។
លោក ថាក់ស៊ីន បានចោទ NCPO ថា បានបង្កើតឬសរសេរច្បាប់ឡើងវិញ ដើម្បីដាក់លោកនៅក្រៅឆាកនយោបាយ ខណៈកំពុងបង្រួបបង្រួមអំណាចរបស់ខ្លួន។ “នោះហើយជារបៀបដែលវាកើតឡើង ។ យើងត្រូវទទួលយកវា ហើយដោះស្រាយគុណវិបត្តិដែលយើងអាចធ្វើទៅបាន»។
ការកត់សម្គាល់របស់លោក ត្រូវបានជំរុញដោយសុន្ទរកថារបស់លោកឧត្តមសេនីយ៍ Prawit ទៅកាន់សិក្ខាសាលា ក្រោមប្រធានបទ បច្ចុប្បន្ន និង អនាគត របស់គណបក្ស “PPRP: ” កាលពីថ្ងៃចន្ទក្នុង ទីក្រុង Prachuap Khiri Khan ក្នុងអំឡុងពេលដែលលោកបាននិយាយថា ប្រទេសនេះបានធ្លាក់ចូល ទម្លាប់ចាស់ នៃនយោបាយខ្វះសីលធម៌ដែលញាំញី ដោយការញុះញង់ ដើម្បីផលប្រយោជន៍ខ្លួនឯង។
លោកថា ស្ថានភាពនយោបាយសព្វថ្ងៃ គឺនៅឆ្ងាយពីឧត្តមគតិដែលគិតគូរពីប្រជាពលរដ្ឋ។
លោកក៏បានទទូចថា គណបក្ស PPRP ដែលធ្លាប់ជាគណបក្សកាន់អំណាចក្រោមការគ្រប់គ្រងរបស់លោកឧត្តមសេនីយ៍ Prayut Chan-o-cha តែងតែជាគោលដៅវាយប្រហារនយោបាយ។
គណបក្ស PPRP ត្រូវបានដកចេញពីក្រុមចម្រុះ មិនយូរប៉ុន្មានមុនពេលរដ្ឋាភិបាលលោកស្រី Paetongtarn Shinawatra ត្រូវបានបង្កើត។ ការជម្រុះចេញនេះបានបង្ហាញពីការធ្លាក់ចុះទាប ក្នុងទំនាក់ទំនងរវាងគណបក្ស PPRP និងគណបក្សភឿថៃ។
កាលពីថ្ងៃចន្ទ លោកថាក់ស៊ីន បានអះអាងថា ឧត្តមសេនីយ៍ Prawit គឺរងគ្រោះតិចជាងលោកនោះទេ ហើយបានសោកស្ដាយចំពោះការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយដែលលោកបានអះអាងថា បានជំរុញលោកឲ្យត្រូវនិរទេសខ្លួនឯងទៅក្រៅប្រទេស៕
ប្រែសម្រួលៈ ណៃ តុលា