ព័ត៌មានអន្តរជាតិ

ថៃ៖ ក្រុមគូប្រជែងរបស់លោក ថាក់ស៊ីន ប្រមូលផ្តុំគ្នានៅខាងក្រៅវិមានរដ្ឋាភិបាល ទាមទារឱ្យចាប់លោកថាក់ស៊ីន ដាក់ពន្ធនាគារវិញ

The Nation

បរទេស៖ ក្រុមប្រឆាំងរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា បានប្រមូលផ្តុំគ្នានៅខាងក្រៅវិមានរដ្ឋាភិបាល នៅថ្ងៃអង្គារនេះ ដើម្បីទាមទារឱ្យចាប់លោក ថាក់ស៊ីន ដាក់ពន្ធនាគារឡើងវិញ និងការស៊ើបអង្កេតប្រកបដោយតម្លាភាព លើការឃុបឃិតដែលត្រូវបានចោទប្រកាន់ដើម្បីជួយលោក ថាក់ស៊ីន ឱ្យជៀសវាងការឃុំខ្លួនត្រឹមត្រូវ។

យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមបាតុករដែលដឹកនាំដោយអតីតមេដឹកនាំអាវក្រហមលោក Jatuporn Promphan និងគូប្រជែងដ៏លេចធ្លោផ្សេងទៀតរបស់លោកថាក់ស៊ីន បានគំរាមថា នឹងនៅក្រៅវិមានរដ្ឋាភិបាលរហូតដល់ការទាមទាររបស់ពួកគេត្រូវបានបំពេញ។

ក្រុមបាតុករទាំងនោះបានមកដល់មជ្ឈមណ្ឌលតវ៉ាសាធារណៈរបស់វិមានរដ្ឋាភិបាលនៅម៉ោង ១០ព្រឹក ដើម្បីដាក់សំណើរបស់ពួកគេ។ ពួកគេបានអំពាវនាវឱ្យនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា ដែលជាកូនស្រីពៅរបស់លោកថាក់ស៊ីន ណែនាំដល់មន្ទីរពេទ្យទូទៅប៉ូលីស និងនាយកដ្ឋានកែប្រែ ឱ្យសហការជាមួយនឹងការស៊ើបអង្កេតលើករណីរបស់លោកថាក់ស៊ីន។

ក្រុមប៉ូលិសកុបកម្មប្រហែលបីក្រុម ក៏ត្រូវបានដាក់ពង្រាយដើម្បីរក្សាសន្តិសុខនៅកន្លែងជួបជុំនោះ។

មេដឹកនាំតវ៉ាផ្សេងទៀតរួមមានលោក Warong Dechgitvigrom ប្រធានគណបក្ស Thai Phakdee; អតីតសមាជិកព្រឹទ្ធសភា ឧត្តមសេនីយ Somjet Boonthanom; និងអ្នកសិក្សា Jade Donavanik ៕

ប្រែសម្រួលៈ ណៃ តុលា

To Top