ព័ត៌មានអន្តរជាតិ

យ៉ាងហោចណាស់ស្លាប់១០នាក់ និង៣២នាក់រងរបួសនៅក្នុងហេតុការណ៍អគ្គីភ័យឆេះសណ្ឋាគារ ដ៏ស្គឹមស្គៃមួយកន្លែងនៅភាគពាយ្យរបស់ប្រទេសតួកគី

AFP

អ៊ីស្តង់ប៊ុល៖ លោក Ali Yerlikaya រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X នៅថ្ងៃអង្គារនេះថា យ៉ាងហោចណាស់មានមនុស្សចំនួន១០នាក់បានស្លាប់ និងចំនួន៣២នាក់ផ្សេងទៀតបានរងរបួសនៅក្នុងអគ្គីភ័យដែលបានឆាបឆេះនៅសណ្ឋាគារមួយក្នុងខេត្ត Bolu ស្ថិតនៅភាគពាយ័ព្យរបស់ប្រទេសតួកគី ។


អភិបាលខេត្ត Abdulaziz Aydin បានលើកឡើងថា អគ្គីភ័យនេះបានឆាបឆេះសណ្ឋាគារមួយកន្លែងនៅរមណីយដ្ឋាន Bolu Kartalkaya Ski Resort នៅវេលាម៉ោងប្រហែល៣និង៣០នាទីព្រឹក ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង០០និង៣០នាទីម៉ោងសកលនៅជាន់លើនៃភោជនីយដ្ឋាន ។

លោក Abdulaziz Aydin អភិបាលខេត្តខាងលើបានលើកឡើងទៀតថា “អ្នកស្លាប់ចំនួន០២នាក់ គឺដោយសារតែលោតពីលើអគារដោយភាពភិតភ័យខ្លាំងពេក” ។

យោងតាមទូរទស្សន៍ NTV បានផ្សាយថា មូលហេតុនៃអគ្គីភ័យនៅតែមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែអណ្តាតភ្លើងបានឆាបឆេះសណ្ឋាគារដែលស្ថិតនៅលើចុងកំពូលនៃភ្នំ Koroglu ។

ក្រោយទទួលបានដំណឹងនេះភ្លាម ក្រុមពន្លត់អគ្គីភ័យ អង្គភាពស្វែងរក និងជួយសង្គ្រោះ និងក្រុមគ្រូពេទ្យត្រូវបានបញ្ជូនចេញពីកណ្តាលក្រុង ស្រុកដែលនៅជុំវិញ និងនៅតំបន់ក្បែរនោះ ។

លោក Aydin បានបញ្ជាក់ថា “អន្តរាគមន៍អគ្គិភ័យនៅតែបន្តបំពេញកិច្ចការរបស់ខ្លួន” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top