ហ្សាការតា៖ គ្រួសារជាង៦០០នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ត្រូវបានបង្ខំឱ្យជម្លៀសខ្លួនចេញ បន្ទាប់ពីមានអគ្គិភ័យបានបំផ្លាញផ្ទះអស់ជាង៥០០ខ្នងនៅសង្កាត់ Kemayoran ស្ថិតនៅភាគ កណ្តាលទីក្រុងហ្សាការតា កាលពីព្រឹកថ្ងៃអង្គារនេះ ។
មិនទាន់មានអ្នករងរបួសត្រូវបានគេរាយការណ៍នៅក្នុងឧបទ្ទវហេតុនៅឡើយទេ ។ លោក Mohamad Yohan អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ក្រុងខាងលើ បានឲ្យដឹងថា បច្ចុប្បន្នជនភៀសខ្លួនកំពុងជ្រកនៅកន្លែងគោរពបូជាដែលនៅក្បែរនោះ ។
លោក Yohan បានបញ្ជាក់ថា “ត្រូវការ ការដឹកជញ្ជូនច្រើនណាស់” ដោយបានបន្ថែមថា រដ្ឋបាលក្រុងបានចែកចាយអាហារភ្លាមៗ ភួយ និងទឹកដប ដើម្បីជួយដល់អ្នកដែលរងផលប៉ះពាល់ដោយសារភ្លើង” ។
គេបានចំណាយពេលប្រហែល៦ម៉ោងសម្រាប់ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យដែលមានគ្នាប្រមាណ ១៧០នាក់ និងរថយន្តពន្លត់អគ្គីភ័យចំនួន៣៤គ្រឿងដើម្បីពន្លត់ភ្លើងនេះ ។
លោក Susatyo Purnomo Condro មេប៉ូលិសនៅទីក្រុងហ្សាការតា បានលើកឡើងថា ក្រុមមន្រ្តីសង្ស័យថា ចរន្តអគ្គិសនីនៅក្នុងផ្ទះមួយអាចបណ្តាលឱ្យមានអគ្គីភ័យនេះកើតឡើង ។
លោកបានបញ្ជាក់ថា “ទោះជាយ៉ាងនេះក្តី នេះគ្រាន់តែជាការសន្និដ្ឋានបឋមតែប៉ុណ្ណោះ យើងនឹងធ្វើការស៊ើបអង្កេតយ៉ាងម៉ត់ចត់បន្ថែមទៀត ដោយសហការជាមួយមជ្ឈមណ្ឌលពិសោធន៍កោសល្យវិច្ច័យនៃអគ្គស្នងការនគរបាលជាតិ ដើម្បីកំណត់ពីមូលហេតុពិតប្រាកដនៃអគ្គីភ័យ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា