ព័ត៌មានអន្តរជាតិ

ក្នុងឆ្នាំ២០២៥នេះ ឥណ្ឌូនេស៊ី កំណត់គោលដៅនៃការនាំចេញឲ្យខ្ពស់បំផុតរហូតដល់៧,១ភាគរយ

xinhua

ហ្សាការតា៖ មន្ត្រីម្នាក់បានលើកឡើង កាលពីថ្ងៃចន្ទថា ប្រទេសឥណ្ឌូនេស៊ី បានកំណត់គោលដៅខ្ពស់ សម្រាប់ការនាំចេញ រហូតដល់៧,១ភាគរយក្នុងឆ្នាំ២០២៥ ដែលជាកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន ។
លោក Fajarini Puntodewi អគ្គនាយកអភិវឌ្ឍន៍ការនាំចេញជាតិ នៅក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី បានឲ្យនៅក្នុងសុន្ទរកថារបស់អ្នកស្រី នៅឯព្រឹត្តិការណ៍សាធារណៈនៅទីក្រុងហ្សាការតាថា “ជាមួយនឹងគោលដៅខ្ពស់នៃការនាំចេញយើងរំពឹងថា នឹងគាំទ្រដល់កំណើនសេដ្ឋកិច្ច៨ភាគរយ តាមគោលដៅរបស់ប្រធានាធិបតី” ។

អ្នកស្រី Puntodewi បានលើកឡើងថា រដ្ឋាភិបាលក៏កំពុងរៀបចំយុទ្ធសាស្រ្តដើម្បីសម្រេចបាននូវគោលដៅ រួមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្រុក ដើម្បីឱ្យអ្នកលេងអាជីវកម្មអាចបង្កើន គុណភាពផលិតផលរបស់ពួកគេ ដើម្បីអាចនាំចេញបាន ។

យោងតាមស្ថិតិឥណ្ឌូនេស៊ី បានបង្ហាញថា នៅក្នុងឆ្នាំ២០២៤ ប្រទេសឥណ្ឌូនេស៊ី បានកត់ត្រាអតិរេកពាណិជ្ជកម្ម ចំនួន៣១,០៤ពាន់លានដុល្លារ សហរដ្ឋអាមេរិក ជាមួយនឹងតម្លៃនាំចេញសរុបឈានដល់២៦៤.៧ពាន់លានដុល្លារ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top