បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី អ៊ុយក្រែន លោក Vladimir Zelensky បាននិយាយថា សហរដ្ឋអាមេរិកមិនផ្តល់ អាទិភាពដល់អឺរ៉ុប ជាកង្វល់ធំជាងគេឡើយ ហើយបានជំរុញឱ្យបណ្តា ប្រទេសអឺរ៉ុបពង្រឹងកិច្ចខិតខំប្រឹង ប្រែងការពារ របស់ពួកគេថែមទៀតផង។
ថ្លែងនៅឯវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos កាលពីថ្ងៃអង្គារ លោកបានលើកឡើង ពីតម្រូវការសម្រាប់អឺរ៉ុប ក្នុងការដើរតួនាទីយ៉ាងសកម្មបន្ថែមទៀត នៅក្នុងសន្តិសុខ របស់ខ្លួន ជាពិសេសនៅក្នុងពន្លឺ នៃការផ្លាស់ប្តូរគោលនយោបាយ ការបរទេសរបស់សហរដ្ឋអាមេរិក ។
លោកZelensky បានលើកឡើងពីការព្រួយបារម្ភអំពីទស្សនៈរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយអឺរ៉ុប ដោយលើកហេតុផលថា អឺរ៉ុបមើលឃើញថាសហរដ្ឋអាមេរិក ជាសម្ព័ន្ធមិត្ត ដែលមិនអាចជំនួសបាន ជាពិសេសក្នុងអំឡុងពេលសង្គ្រាម ។
មេដឹកនាំអ៊ុយក្រែន ក៏បានយោងការអត្ថាធិប្បាយ ដែលធ្វើឡើងដោយមន្ត្រីអាមេរិក នៅក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី កាលពីឆ្នាំមុនដោយនិយាយថា អ្នកតំណាងនៃរដ្ឋបាលនៅពេលនោះ Biden បានទទួលស្គាល់ ដោយបើកចំហថា អឺរ៉ុបត្រូវបានគេដាក់ជាអាទិភាពទីបី ក្នុងយុទ្ធសាស្ត្របន្ទាប់ពីតំបន់ ឥណ្ឌូប៉ាស៊ីហ្វិក និងមជ្ឈិមបូព៌ាផងដែរ។
លោកZelensky ក៏បានព្រមានថាអឺរ៉ុបនឹងបាត់បង់ភាព ពាក់ព័ន្ធនៅលើឆាកពិភពលោក ប្រសិនបើខ្លួនបរាជ័យ ក្នុងការអះអាងខ្លួនឯងហើយអឺរ៉ុប មិនអាចមានលទ្ធភាពធ្វើជាអាទិភាពទីពីរ ឬទីបីសម្រាប់ សម្ព័ន្ធមិត្តរបស់ខ្លួនបានទៀតទេ៕
ប្រែសម្រួល៖ស៊ុនលី