បរទេស៖ រដ្ឋបាលរបស់ប្រធានាធិបតី Donald Trump បានដកឧត្តមនាវីទោ Linda Fagan ដែលជាស្ត្រីដំបូងគេដែលដឹកនាំសេវាកម្មយោធា របស់សហរដ្ឋអាមេរិក ក្នុងមុខតំណែងជាប្រធានឆ្មាំឆ្នេរសមុទ្រ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រសួងសន្តិសុខមាតុភូមិ (DHS) ដែលគ្រប់គ្រងឆ្មាំឆ្នេរសមុទ្រមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើមួយកាលពីថ្ងៃអង្គារ សម្រាប់ការធ្វើអត្ថាធិប្បាយលើការបណ្តេញលោកស្រី Fagan នោះទេ។
សារព័ត៌មាន Fox News បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ដោយនិយាយថា ហេតុផលរួមមាន ការបរាជ័យរបស់លោកស្រីក្នុងការ ដោះស្រាយការគំរាមកំហែងផ្នែកសន្តិសុខតាមព្រំដែន ការផ្តោតខ្លាំងលើភាពចម្រុះ សមធម៌ និងការដាក់បញ្ចូល និង “ការលុបបំបាត់ការជឿទុកចិត្ត” លើការស៊ើបអង្កេតរបស់ឆ្មាំឆ្នេរសមុទ្រ លើករណីរំលោភផ្លូវភេទ។
លោក Trump និងអ្នកសាធារណរដ្ឋផ្សេងទៀត បានរិះគន់យ៉ាងយូរប្រឆាំងនឹង កម្មវិធីរដ្ឋាភិបាលដែលមានបំណងជំរុញភាពចម្រុះ ហើយសន្តិសុខតាមព្រំដែនគឺជា អាទិភាពសំខាន់សម្រាប់ប្រធានាធិបតី ដែលបានប្រកាសភាពអាសន្នជាតិ នៅព្រំដែនអាមេរិកជាមួយម៉ិកស៊ិកកាលពីថ្ងៃចន្ទ ដែលជាថ្ងៃដំបូងនៃអាណត្តិថ្មីរបស់លោក។
រដ្ឋមន្រ្តីស្តីទីក្រសួងសន្តិសុខមាតុភូមិអាមេរិក លោក Benjamine Huffman បាននិយាយនៅក្នុងសារមួយទៅកាន់ឆ្មាំឆ្នេរសមុទ្រ ដែលជាសាខាមួយក្នុងចំណោមសាខា យោធាទាំងប្រាំរបស់សហរដ្ឋអាមេរិកថា “លោកស្រីបានបម្រើការងារដ៏យូរ និងគួរឱ្យទាក់ទាញ ហើយខ្ញុំសូមអរគុណលោកស្រី សម្រាប់ការបម្រើដល់ប្រទេសរបស់យើង” ៕
ប្រែសម្រួលៈ ណៃ តុលា