ព័ត៌មានអន្តរជាតិ

តម្លៃប្រេងថេរ ខណៈវិនិយោគិនពិភាក្សាគ្នា ជុំវិញគោលនយោបាយ 2.0 របស់លោក ត្រាំ

Xinhua

វ៉ាស៊ីនតោន៖ តម្លៃប្រេងមានការប្រែប្រួលតិចតួច ក្នុងការជួញដូរនៅថ្ងៃពុធនេះ ដោយសារទីផ្សារបានពិចារណា ពីការប្រកាសអាសន្នថាមពលជាតិ របស់លោកប្រធានាធិបតីអាមេរិក នៅថ្ងៃដំបូងរបស់គាត់នៅក្នុងមុខតំណែង និងឥទ្ធិពលរបស់ខ្លួនទៅលើការផ្គត់ផ្គង់ ។

អនាគតនៃតម្លៃប្រេងឆៅ ដែលបង្ហាញដោយក្រុមហ៊ុន Brent បានថយចុះ៣សេន មកនៅត្រឹមតម្លៃ ៧៩,២៦ដុល្លារក្នុង១បារ៉ែល ខណៈដែលតម្លៃប្រេងឆៅនាពេលអនាគត របស់អាមេរិកដែលបង្ហាញដោយក្រុមហ៊ុនសារជីវកម្ម West Texas Intermediate (WTI) សម្រាប់ការចែកចាយនៅខែមីនា បានធ្លាក់ចុះតម្លៃ៩សេនមកនៅត្រឹម ៧៥,៧៤ដុល្លារ នៅវេលាម៉ោង ១និង២០នាទីម៉ោងសកល ។

កាលពីថ្ងៃចន្ទ លោក ត្រាំ បានដាក់ចេញនូវផែនការដ៏ទូលំទូលាយមួយ ដើម្បីបង្កើនផលិតកម្មប្រេង និងឧស្ម័ន រួមទាំងការប្រកាសអាសន្នថាមពលជាតិ ដើម្បីពន្លឿនការអនុញ្ញាត ការរំកិលការការពារបរិស្ថាន និងការដកខ្លួនរបស់សហរដ្ឋអាមេរិក ចេញពីកតិកាសញ្ញាអាកាសធាតុទីក្រុងប៉ារីស ។

ទោះបីជាយ៉ាងណាក៏ដោយ គោលនយោបាយនេះទំនងជា មិនជំរុញការវិនិយោគរយៈពេលខ្លី ឬផ្លាស់ប្តូរកំណើនផលិតកម្ម របស់សហរដ្ឋអាមេរិកនោះទេ អ្នកវិភាគនៅក្រុមហ៊ុន Morgan Stanley បានសរសេរក្នុងកំណត់ត្រា ដោយបន្ថែមថា ទោះបីជាយ៉ាងណាក៏ដោយ វាអាចមានការថយចុះសក្តានុពល កម្រិតមធ្យមនៃតម្រូវការផលិតផលចម្រាញ់ ។

អ្នកវិភាគក៏បានចោទសួរផងដែរ ថាតើ ការសន្យារបស់លោក ត្រាំ ក្នុងការបំពេញទុនបម្រុងយុទ្ធសាស្ត្រ នឹងធ្វើឱ្យមានការផ្លាស់ប្តូរណាមួយចំពោះតម្រូវការប្រេង ខណៈរដ្ឋបាលលោក បៃដិន កំពុងទិញប្រេងសម្រាប់ស្តុកទុក ក្នុងគ្រាអាសន្នរួចហើយនោះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top