បរទេស ៖ ប្រទេសចិនកំពុងត្រៀមខ្លួនសម្រាប់ការតម្លើងពន្ធដ៏មានសក្ដានុពលបន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បានគំរាមទារពន្ធ ១០ភាគរយ លើការនាំចូលរបស់ចិននៅថ្ងៃទី១ ខែកុម្ភៈ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២២ ខែមិរា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់កាលពីថ្ងៃពុធ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការការពារ “ផលប្រយោជន៍ជាតិ” របស់ខ្លួន។
លោកស្រីបានបន្តថា «យើងតែងតែជឿជាក់ថាគ្មានអ្នកឈ្នះក្នុងសង្គ្រាមពាណិជ្ជកម្ម ឬសង្គ្រាមពន្ធដារនោះទេ»។
បន្ទាប់ពីការកត់សម្គាល់របស់លោក Trump សន្ទស្សន៍ CSI 300 ឬ សន្ទស្សន៍ទីផ្សារ របស់ប្រទេសចិនបានធ្លាក់ចុះ ០,៩ភាគរយ កាលពីថ្ងៃពុធ។ សន្ទស្សន៍សហគ្រាសចិន Hang Seng ដែលបានចុះបញ្ជីនៅហុងកុង ដែលតាមដានភាគហ៊ុនចិនបានធ្លាក់ចុះ ២ភាគរយ ។
ប្រតិកម្មរបស់ទីក្រុងប៉េកាំងបានកើតឡើងបន្ទាប់ពីលោក Trump បាននិយាយថា ក្រុមរបស់លោកកំពុងសម្លឹងមើលទៅលើសក្តានុពលនៃការដំឡើងពន្ធ ១០ភាគរយ លើការនាំចូលរបស់ចិន ដោយសារតែប្រទេសចិនបាននឹងកំពុង “បញ្ជូនថ្នាំញៀនប្រភេទ fentanyl ទៅកាន់សហរដ្ឋអាមេរិកតាមរយៈប្រទេសម៉ិកស៊ិក និង កាណាដា” ។
ប្រធានាធិបតីអាមេរិក បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារនៅឯសេតវិមានថា “ប្រហែលជាថ្ងៃទី ១ ខែកុម្ភៈគឺជាកាលបរិច្ឆេទដែលយើងកំពុងរង់ចាំ” ៕
ប្រែសម្រួលៈ ណៃ តុលា