វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកកំពុងពិចារណាដាក់ពន្ធបន្ថែម ១០ ភាគរយលើការនាំចូលរបស់ចិន ប្រហែលជាចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ដែលជាវិធានការមួយ ដែលត្រូវបានគេរំពឹងថា នឹងបង្កើនភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក។
លោកប្រធានាធិបតីបានប្រាប់អ្នកយកព័ត៌មានដោយសំដៅទៅលើថ្នាំ ដែលដឹកជញ្ជូនឆ្លងកាត់ព្រំដែនសហរដ្ឋអាមេរិកថា “យើងកំពុងនិយាយអំពីពន្ធ ១០ ភាគរយលើប្រទេសចិន ដោយផ្អែកលើការពិតដែលថា ពួកគេកំពុងបញ្ជូន fentanyl ទៅកាន់ម៉ិកស៊ិក និងកាណាដា” ដែលសំដៅទៅលើគ្រឿងញៀន ដែលដឹកជញ្ជូនឆ្លងកាត់ព្រំដែនសហរដ្ឋអាមេរិក ដែលជាមូលហេតុនាំមុខគេនៃការស្លាប់ដោយប្រើថ្នាំជ្រុលនៅក្នុងប្រទេស។
កាលពីថ្ងៃច័ន្ទ នៅពេលដែលលោកចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកជាលើកទីពីរ លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា លោកអាចដាក់ពន្ធ ២៥ ភាគរយលើការនាំចូលពីប្រទេសកាណាដា និងម៉ិកស៊ិក នៅដើមថ្ងៃទី០១ ខែកុម្ភៈ ដោយបានស្តីបន្ទោសប្រទេសជិតខាងដែលមិនបានធ្វើគ្រប់គ្រាន់ក្នុងការទប់ស្កាត់ខុសច្បាប់នូវអន្តោប្រវេសន៍ និងការជួញដូរគ្រឿងញៀន។
ផែនការពន្ធលើប្រទេសទាំងបី ដែលស្ថិតក្នុងចំណោមដៃគូពាណិជ្ជកម្មកំពូលរបស់សហរដ្ឋអាមេរិក ត្រូវបានប្រកាសនៅក្នុងខែវិច្ឆិកា បន្ទាប់ពីលោក ត្រាំ បានឈ្នះការបោះឆ្នោតប្រធានាធិបតី ជាមួយនឹងការសន្យា ដើម្បីស្តារឡើងវិញនូវគោលនយោបាយការបរទេស និងសេដ្ឋកិច្ច “អាមេរិកដំបូង” របស់លោក។
នៅពេលនោះ លោកបានគំរាមយកពន្ធលើទំនិញពីប្រទេសម៉ិកស៊ិក និងកាណាដានឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃដំបូងរបស់លោកចូលកាន់តំណែង ខណៈដែលលោកបានបន្សល់ទុកនូវភាពមិនច្បាស់លាស់នៅពេលដែលផែនការពន្ធបន្ថែមលើទំនិញពីប្រទេសចិន នឹងចូលជាធរមាន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ម៉ៅ នីង បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងកាលពីថ្ងៃពុធថា “យើងតែងតែជឿថាមិនមានអ្នកឈ្នះនៅក្នុងសង្គ្រាមពាណិជ្ជកម្ម និងសង្គ្រាមពន្ធដារនោះទេ” ។ លោកស្រី បានស្នើក្រុងប៉េកាំង អាចចាត់វិធានការតបតវិញដោយនិយាយថា “ចិនតែងតែការពារផលប្រយោជន៍ជាតិរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់”។
លោកស្រីបានបន្ដថា ប្រទេសចិន “មានឆន្ទៈក្នុងការរក្សាទំនាក់ទំនង ជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយភាពខុសគ្នាឱ្យបានត្រឹមត្រូវ ពង្រីកកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយស្ថិរភាព សុខភាពល្អ និងនិរន្តរភាពនៃទំនាក់ទំនងទ្វេភាគី”៕
ប្រែសម្រួល ឈូក បូរ៉ា