ព័ត៌មានអន្តរជាតិ

គូស្នេហ៍ស្រលាញ់ភេទដូចគ្នា រាប់រយគូបានរៀបអាពាហ៍ពិពាហ៍ នៅក្នុងប្រទេសថៃឡង់ដ៏ បន្ទាប់ពីច្បាប់ស្រលាញ់ភេទដូចគ្នា បានចូលជាធរមាន

AFP

បាងកក៖ នៅថ្ងៃព្រហស្បតិ៍នេះ គូស្នេហ៍ស្រលាញ់ភេទដូចគ្នា ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ បានរៀបការនៅក្នុងប្រទេសថៃឡង់ដ៏ (២៣ មករា) ខណៈច្បាប់ផ្តល់សិទ្ធិរៀបអាពាហ៍ពិពាហ៍ សម្រាប់ភេទដូចគ្នារបស់ព្រះរាជាណាចក្រ មួយនេះបានចូលជាធរមាន ។ អ្នកសារព័ត៌មានទីភ្នាក់ងារ AFP ម្នាក់បានឃើញ នៅក្នុងចំណោមមនុស្សរាប់រយនាក់ដំបូងដែលរំពឹងថា នឹងធ្វើដូច្នេះដែរ ។

តារាសម្តែងថៃ Apiwat “Porsch” Apiwatsayree អាយុ៤៩ឆ្នាំដែលស្រក់ទឹកភ្នែក និង Sappanyoo “Arm” Panatkool អាយុ៣៨ឆ្នាំក្នុងឈុតពណ៌ត្នោតខ្ចី ត្រូវបានប្រគល់សំបុត្រអាពាហ៍ពិពាហ៍ពណ៌ផ្កាឈូក របស់ពួកគេនៅការិយាល័យចុះបញ្ជីក្នុងទីក្រុងបាងកក ។

លោក Arm បានរៀបរាប់ដូច្នេះថា “យើងបានតស៊ូដើម្បីរឿងនេះអស់ជាច្រើនទស្សវត្សរ៍ ហើយថ្ងៃនេះគឺជាថ្ងៃដ៏អស្ចារ្យដែលស្នេហា គឺជាសេចក្តីស្រឡាញ់” ។

ព្រឹត្តិការណ៍ដ៏សំខាន់នេះ ឃើញថា ប្រទេសថៃឡង់ដ៏ បានក្លាយជាកន្លែងដ៏ធំបំផុតនៅអាស៊ី ក្នុងការទទួលស្គាល់អាពាហ៍ពិពាហ៍ សម្រាប់ភាពស្មើភាពគ្នា បន្ទាប់ពីកោះតៃវ៉ាន់ និងប្រទេសនេប៉ាល់ ។

ច្បាប់ស្តីពីអាពាហ៍ពិពាហ៍នាពេលឥឡូវនេះ ប្រើពាក្យអព្យាក្រឹតយេនឌ័រជំនួស “បុរស” “ស្ត្រី” “ប្តី” និង “ប្រពន្ធ” ក៏ជម្រះផ្លូវសម្រាប់អ្នកកែភេទ ដើម្បីរៀបអាពាហ៍ពិពាហ៍ និងផ្តល់សិទ្ធិចិញ្ចឹម និងមរតកដល់គូស្វាមីភរិយាទាំងអស់ផងដែរ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top