បរទេស ៖ អ័ព្ទក្រាស់នៅភាគខាងជើង ប្រទេសវៀតណាម បានបណ្តាលឱ្យជើងហោះហើរ ជាច្រើនត្រូវបានបង្វែរ ឬពន្យារពេល នៅថ្ងៃទី ២៤ ខែមករា ហើយត្រូវបានគេរំពឹងថា នឹងបន្តនៅប៉ុន្មានថ្ងៃខាងមុខនេះ ។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម អ័ព្ទបានកាត់បន្ថយការមើល ឃើញយ៉ាងធ្ងន់ធ្ងរនៅអាកាសយានដ្ឋាន ក្នុងតំបន់ភាគខាងជើង ដែលប៉ះពាល់ដោយផ្ទាល់ ដល់ប្រតិបត្តិការហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន ។
នៅអាកាសយានដ្ឋាន Vinh ក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានកត់ត្រាជើងហោះហើរចំនួន ៥ ដោយត្រូវបង្វែរទៅអាកាសយានដ្ឋាន Noi Bai ។ លើសពីនេះទៀត ជើងហោះហើរ ចំនួន ៤ ផ្សេងទៀត ត្រូវបានពន្យារពេល ដែលបណ្តាលឱ្យមានការពន្យារពេល ខ្សែសង្វាក់នៅលើផ្លូវទាំងអស់ ដែលដំណើរការក្នុងអំឡុងពេលថ្ងៃ។
ក្រុមហ៊ុនអាកាសចរណ៍ VietJet Air ក៏ជួបប្រទះការលំបាកដូចគ្នាដែរ ដោយជើងហោះហើរពីរ ត្រូវបង្វែរពីអាកាសយានដ្ឋាន Vinh និង Tho Xuan ទៅកាន់ Noi Bai ហើយជើងហោះហើរចំនួនប្រាំផ្សេងទៀត ត្រូវបានពន្យារពេល ។
ក្រុមហ៊ុនអាកាសចរណ៍ បានដាក់ពង្រាយផែនការគាំទ្រ យ៉ាងឆាប់រហ័ស រួមទាំងការផ្តល់ការដឹកជញ្ជូន សម្រាប់អ្នកដំណើរពីអាកាសយានដ្ឋាន Noi Bai ទៅកាន់ទីក្រុង Vinh និង Thanh Hoa ដោយរថយន្តក្រុង ៕
ប្រែសម្រួលៈ ណៃ តុលា