ជារៀងរាល់ឆ្នាំ នៅពេលដែលពិធីបុណ្យ ចូលឆ្នាំប្រពៃណីចិន ខិតជិតមកដល់ ប្រជាជននៅទូទាំងប្រទេសចិន តែងធ្វើដំណើរត្រឡប់ ទៅស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារ ឬទស្សនា តំបន់កម្សាន្តនានា ។ ការធ្វើដំណើររបស់ប្រជាជនចិន រាប់រយលាននាក់ ក្នុងអំឡុងពេលដ៏មមារញឹកនេះ គឺជាការ ចល័តទី មនុស្សធំជាងគេបំផុត នៅលើពិភពលោក ដែលរួមចំណែកយ៉ាងសំខាន់ ដល់ការបង្កើនការ ចំណាយក្នុងស្រុក។
តាមការប៉ាន់ស្មាន ការធ្វើដំណើរក្នុងស្រុកនាអំឡុងពិធីបុណ្យ ចូលឆ្នាំប្រពៃណីចិនឆ្នាំនេះ មានចំនួនប្រមាណ ៩ពាន់លានដំណើរ កើនឡើង ៦% ធៀបនឹងឆ្នាំ២០២៤ ។ តួរលេខនេះមិនត្រឹមតែបង្ហាញពីឆន្ទៈ របស់ប្រជាជន ក្នុងការធ្វើដំណើរទេ ប៉ុន្តែក៏ឆ្លុះបញ្ចាំងពីភាពធន់ និងភាពរស់រវើក នៃការងើបឡើងវិញនូវវិស័យ ទេសចរណ៍ចិន បន្ទាប់ពីការរំខានជាច្រើនឆ្នាំដោយសារជំងឺរាតត្បាតកូវីដ-១៩ ផងដែរ ។
ជាក់ស្តែង ក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូន និងសណ្ឋាគារនានា បានទទួលការកក់ពីអតិថិជន ក្នុងកំណត់ត្រាមួយដ៏ខ្ពស់ ខណៈតំបន់ទេសចរណ៍នានា បានព្យាយាមពង្រឹងសេវាកម្ម និង ធ្វើពិពិធកម្មសកម្មភាពកម្សាន្តនានា សំដៅផ្តល់នូវបទពិសោធន៍ល្អៗ ដល់ភ្ញៀវទេសចរ នាអំឡុងពិធីបុណ្យដ៏រីករាយនេះ។ ទាំងនេះបានបញ្ជូន សញ្ញាវិជ្ជមានដល់ការកើនឡើង នៃសកម្មភាពសេដ្ឋកិច្ច ក្នុងស្រុករបស់ចិន ។
ក្រៅពីសន្ទុះ នៃទេសចរណ៍ក្នុងស្រុក ប្រទេសចិនក៏មើលឃើញពីនិន្នាការ នៃកំណើនទេសចរអន្តរជាតិ គួរឱ្យកត់សម្គាល់ផងដែរ ជាពិសេសស្របពេល ដែលរដ្ឋាភិបាលចិន បានដាក់ចេញ នូវវិធានការបន្ធូរបន្ថយទិដ្ឋាការ ដែលរួមមានគោលនយោបាយឆ្លងកាត់ដោយគ្មានទិដ្ឋាការជាមួយប្រទេសចំនួន ៥៤ និងការអនុញ្ញាតដោយឯកតោភាគី ឱ្យប្រទេសចំនួន ៣៨ ធ្វើដំណើរទៅប្រទេសចិន ដោយមិនត្រូវការទិដ្ឋាការ ។ យោងតាមរបាយការណ៍របស់រដ្ឋបាលអន្តោប្រវេសន៍ជាតិចិន ក្នុងរយៈពេល ១១ ខែ នៃឆ្នាំ២០២៤ ប្រទេសចិនបានទទួលភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ២៩,២២ លាននាក់ ក្នុងនោះមាន ១៧,៤៥ លាននាក់ចូលទៅកាន់ប្រទេសចិន ក្រោមគោលនយោបាយគ្មានទិដ្ឋាការ ។
ទន្ទឹមនឹងនេះ ចំណាត់ការរបស់រដ្ឋាភិបាលចិនក្នុងការពង្រីក រយៈពេលឆ្លងកាត់ដោយគ្មានទិដ្ឋាការពី ៧២ និង ១៤៤ម៉ោង រហូតដល់ ២៤០ ម៉ោង (១០ថ្ងៃ) កាលពីពេលថ្មីៗនេះ នឹងចាក់បញ្ចូលនូវសន្ទុះថ្មីបន្ថែមទៀត ក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ។ ជាមួយនឹងវិធានការនេះ ភ្ញៀវទេសចរអន្តរជាតិ នឹងមានឱកាស ទៅទស្សនាប្រទេសចិន ក្រោមលក្ខខណ្ឌកាន់តែប្រសើរឡើង នាឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន ដើម្បីចូលរួមប្រារព្ធពិធីនេះជាមួយនឹង ភាពកក់ក្តៅនៃបដិសណ្ឋារកិច្ចរបស់ប្រជាជនចិន និងទទួលយកបទពិសោធន៍ថ្មីក្នុងការយល់ដឹងពីវប្បធម៌រាប់ពាន់ឆ្នាំរបស់ចិន ព្រមទាំងអាចទស្សនាតំបន់កម្សាន្តដ៏សម្បូរបែបរបស់ចិន រួមមានទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ និងស្ថាបត្យកម្មទំនើប ។
ក្នុងបរិបទនេះ រំហូរ នៃកំណើនទេសចរអន្តរជាតិទៅប្រទេសចិន នឹងនាំមកនូវកាលានុវត្តភាពអភិវឌ្ឍន៍ថ្មីៗដល់ឧស្សាហកម្មទេសចរណ៍ចិន ដែលនឹងរួមចំណែក ដល់ការជំរុញនវានុវត្តន៍ និងការធ្វើពិពិធកម្មផលិតផលទេសចរណ៍ក្នុងស្រុក ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន នៅតាមមូលដ្ឋាន ដែលរកស៊ីទទួលទានដោយផ្ទាល់ និងប្រយោលក្នុងវិស័យនេះ។
សរុបមក ការចល័តទីរបស់ប្រជាជនចិន និងរំហូរ នៃកំណើនទេសចរអន្តរជាតិ ក្នុងអំឡុងពេលដ៏មមារញឹក នៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន នឹងក្លាយទៅជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញឡើងវិញនូវភាពរស់រវើកនៃវិស័យទេសចរណ៍ចិន ដែលនឹងចាក់បញ្ចូលនូវសន្ទុះថ្មីក្នុងការកសាងភាពធន់ និងបង្កើនកំណើនសេដ្ឋកិច្ចចិន ។
ដោយលោក ហ៊ូ ចំរើន អ្នកស្រាវជ្រាវ នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា