តូក្យូ៖ ក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បាននិយាយយ៉ាងច្បាស់ទៅកាន់សមភាគីចិន លោក វ៉ាង យី នៅក្នុងការហៅទូរស័ព្ទថា រដ្ឋបាលលោក ដូណាល់ ត្រាំ ថ្មីនឹងផ្តោតលើផលប្រយោជន៍របស់អាមេរិក លើសពីអ្វីទាំងអស់។
លោក Rubio ដែលបានស្បថចូលកាន់ តំណែងនៅថ្ងៃអង្គារក្នុងនាមជាអ្នកការទូតកំពូលរបស់លោក ត្រាំ ក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាព “បង្ខិតបង្ខំ” របស់ចិនប្រឆាំងនឹងតៃវ៉ាន់ និងនៅក្នុងសមុទ្រចិន ខាងត្បូង ដោយបន្ថែមថា លោកបានគូសបញ្ជាក់ការប្តេជ្ញាចិត្ត របស់វ៉ាស៊ីនតោន ចំពោះសម្ព័ន្ធមិត្តនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ។
លោកបានប្រាប់លោក វ៉ាង យី ថារដ្ឋបាល លោក ត្រាំ នឹងបន្តទំនាក់ទំនងជាមួយទីក្រុងប៉េកាំង ដែល “ជំរុញផលប្រយោជន៍ របស់សហរដ្ឋអាមេរិក និងដាក់ប្រជាជនអាមេរិកជាអាទិភាព” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ។
ទោះបីជាយ៉ាងណាក៏ដោយ ការសន្ទនា របស់គាត់ជាមួយលោក វ៉ាង យី បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអតីតសមាជិកព្រឹទ្ធសភា មកពីគណបក្សសាធារណរដ្ឋ បានចូលកាន់តំណែង ដោយបង្ហាញពីឆន្ទៈ របស់ភាគីទាំងពីរក្នុងការចូលរួម បើទោះបីជាអតីតសមាជិកព្រឹទ្ធសភា គណបក្ស សាធារណរដ្ឋរូបនេះ នៅសល់ទណ្ឌកម្មដែលដាក់ដោយទីក្រុងប៉េកាំងក៏ដោយ។
ក្រសួងការបរទេសចិន បានឲ្យដឹងថា លោក វ៉ាង យី និងលោក Rubio បានយល់ព្រមរក្សាទំនាក់ទំនង និងគ្រប់គ្រងភាពខុសគ្នា រវាងប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ៕
ប្រែសម្រួល ឈូក បូរ៉ា