ហ្គាហ្សា៖ គណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម ហៅកាត់ថា (ICRC) បានប្រកាសកាលពីថ្ងៃសៅរ៍ ពីការបញ្ចប់ដំណាក់កាលទី២ នៃការផ្លាស់ប្តូរអ្នកទោស រឺចំណាប់ខ្មាំង រវាងក្រុមហាម៉ាស់ និងអ៊ីស្រាអ៊ែល ដែលត្រូវបានអនុវត្តក្រោមលក្ខខណ្ឌដំបូង នៃកិច្ចព្រមព្រៀងបទឈប់បាញ់គ្នា ។
គណៈកម្មាធិការខាងលើបានឲ្យដឹងថា ដំណាក់កាលទី២ រួមទាំងការដោះលែង អ្នកទោសប៉ាឡេស្ទីន ចំនួន២០០នាក់ និងចំណាប់ខ្មាំងអ៊ីស្រាអ៊ែល ចំនួន០៤នាក់ ត្រូវបានអនុវត្តបន្ទាប់ ពីការសម្របសម្រួល យ៉ាងម៉ត់ចត់ និងពិនិត្យមើលនីតិវិធី ដែលធ្វើឡើងដោយគណៈកម្មាធិការ ICRC ដែលជាអន្តរការីអព្យាក្រឹត ដែលធានា នូវការអនុវត្តដោយរលូន និងសុវត្ថិភាពនៃការដោះដូរមួយនេះ ។
ចំណាប់ខ្មាំងអ៊ីស្រាអ៊ែល ត្រូវបានផ្ទេរដោយសុវត្ថិភាព ជាមួយនឹងសុខុមាលភាព របស់ពួកគេជាអាទិភាព ចំណែកអ្នកទោសប៉ាឡេស្ទីនត្រូវបានដោះលែងពីមន្ទីរ ឃុំឃាំងរបស់អ៊ីស្រាអ៊ែល ហើយត្រូវបានបញ្ជូនទៅតំបន់ហ្គាហ្សា និងវេសប៊ែង បន្ទាប់ពីបទសម្ភាសន៍ របស់គណៈកម្មាធិការ ICRC ជាមួយពួកគេ ក្នុងអំឡុងពេលដែលខ្លួនបានផ្ទៀង ផ្ទាត់អត្តសញ្ញាណរបស់ពួកគេ វាយតម្លៃស្ថានភាព សុខភាពរបស់ពួកគេ ហើយបានបញ្ជាក់ពីការត្រៀមខ្លួន របស់ពួកគេសម្រាប់ការធ្វើដំណើរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា