VLADIVOSTOK៖ ទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍ឲ្យដឹង កាលពីថ្ងៃសៅរ៍ថា យន្តហោះដឹកអ្នកដំណើរ An-24 ចំនួន១គ្រឿងបានរត់ធ្លាក់ចេញពីផ្លូវរត់នៅក្នុងអំឡុង ពេលហោះឡើងនៅក្នុងទឹកដី Khabarovsk របស់ប្រទេសរុស្ស៊ី តែមនុស្សនៅលើយន្តហោះទាំងអស់ ចំនួន២៣នាក់មិនរងរបួសអ្វីនោះទេ ។
ក្រុមសេវាសង្គ្រោះបន្ទាន់ នៅក្នុងតំបន់បានឲ្យដឹង យន្តហោះកំពុងចាកចេញពីទីតាំង Nelkan នៅគ្រាដែលយន្តហោះនេះ បានបរាជ័យក្នុងការហោះឡើងដោយកើតឡើង នៅក្នុងអំឡុងពេលបង្កើនល្បឿន ។
ទីភ្នាក់ងារ TASS បានដកស្រង់ សម្តីមន្ត្រីនៅក្នុងតំបន់ ដែលបានបញ្ជាក់ថា “នាវិកបានចាប់ផ្តើមព្យាយាម ចាប់ហ្វ្រាំងសង្គ្រោះបន្ទាន់ បណ្តាលឱ្យយន្តហោះក្រឡាប់នៅលើផ្លូវរត់៣០ម៉ែត្រ ។ មានសមាជិកនាវិកចំនួន០៣នាក់ និងអ្នកដំណើរចំនួន២០នាក់នៅលើយន្តហោះនោះ និងគ្មានអ្នករងរបួសត្រូវបាន រាយការណ៍ឲ្យដឹងនោះទេ” ។
យន្តហោះស្ថិតនៅ Nelkan មានទីតាំងនៅប្រហែល១.៨០០គីឡូម៉ែត្រភាគខាងជើងនៃទីក្រុង Khabarovsk ។
សមត្ថកិច្ចបញ្ជាក់យ៉ាងដូច្នេះថា ពុំមានអគ្គិភ័យកើតឡើងជាលទ្ធផល នៃឧបទ្ទវហេតុនេះនោះទេ ។ បច្ចុប្បន្នការស៊ើបអង្កេត កំពុងដំណើរការដើម្បីវាយតម្លៃការខូចខាត ដែលអាចកើតមាន ចំពោះយន្តហោះនេះ ។ ក្រុមសេវាសង្គ្រោះ បន្ទាន់បានបញ្ជាក់ថា “មូលហេតុនៃឧបទ្ទវហេតុនេះ កំពុងត្រូវបានកំណត់ ជាមួយនឹងដំណើរ ការខុសបច្ចេកទេស ក្នុងចំណោមការពន្យល់ អំពីហេតុផលដែលអាចកើតមាន”៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា