បរទេស៖ ដំណាក់កាលទីពីរ នៃគម្រោងផ្តល់សាច់ប្រាក់ ១០.០០០ បាតចាប់ផ្តើមនៅថ្ងៃចន្ទ នៅពេលដែលនាយករដ្ឋមន្រ្តីថៃ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា ចាប់ផ្តើមយុទ្ធនាការនេះ។ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Julapun Amornvivat បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រជាជនប្រហែល ៣ លាននាក់ ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅនឹងមាន សិទ្ធិទទួលបានសាច់ប្រាក់ ។
យោងតាមសារ ព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា អនុរដ្ឋមន្ត្រីក្រសួង ហិរញ្ញវត្ថុ លោក Julapun Amornvivat បាននិយាយថា អ្នកដែលបានចុះឈ្មោះ រួចហើយសម្រាប់ គម្រោងនេះ តាមរយៈកម្មវិធី Tang Rath នឹងទទួលបានប្រាក់តាមរយៈសេវា PromptPay។ លោកបាននិយាយថា “ខ្ញុំចង់បញ្ជាក់ម្តងទៀតថា អ្នកទទួលចំនួន ៣ លាននាក់ត្រូវតែភ្ជាប់ PromptPay របស់ពួកគេទៅនឹងអត្តសញ្ញាណប័ណ្ណ ដើម្បីទទួលបានប្រាក់ ១០.០០០ បាត” ។
លោកបន្តថា ពួកគេត្រូវតែជាអ្នកដែលមានប្រាក់ ចំណូលប្រចាំឆ្នាំតិចជាង ៨៤០.០០០ បាត និងមានប្រាក់បញ្ញើក្នុងគណនី ទាំងអស់តិចជាង ៥០០.០០០ បាត ។ លោកបានបន្តថា ក្រុមងាយរងគ្រោះ ដែលបានទទួលប្រាក់ ក្នុងដំណាក់កាលដំបូងត្រូវបានដកចេញ។
ក្នុងករណីដែលអ្នកទទួលសិទ្ធិមួយចំនួនមិន អាចភ្ជាប់គណនីជាមួយកម្មវិធី PromptPay ទាន់ពេលសម្រាប់ជុំនេះ អគ្គនាយកដ្ឋានគណនេយ្យបានប្រកាសថា អ្នកទាំងនោះអាចរង់ចាំទទួលប្រាក់ក្នុងជុំទីបីបន្ទាប់៖ នៅថ្ងៃទី ២៨ ខែកុម្ភៈ ថ្ងៃទី ២៨ ខែមីនា និងថ្ងៃទី២៨ ខែមេសា ពួកគេត្រូវតែភ្ជាប់លេខ អត្តសញ្ញាណប័ណ្ណ របស់ពួកគេជាមួយនឹងសេវាកម្ម PromptPay យ៉ាងហោចណាស់បីថ្ងៃ មុនពេលប្រាក់នឹងត្រូវបានផ្ទេរ ៕