ព័ត៌មានអន្តរជាតិ

ចុងក្រោយ កូឡុំប៊ី ឱនលំទោន ចំពោះសម្ពាធ ពីទីក្រុងវ៉ាស៊ីនតោន ក្នុងការទទួលយកជន ចំណាកស្រុកខុសច្បាប់ របស់ខ្លួនមកវិញ

RT News

បរទេស៖ ប្រទេសកូឡុំប៊ីបានឱនលំទោន ចំពោះសម្ពាធពីទីក្រុងវ៉ាស៊ីនតោន ដោយផ្លាស់ប្តូរការសម្រេចចិត្ត របស់ខ្លួនក្នុងការរារាំងជើងហោះហើរ ដែលដឹកជនចំណាក ស្រុកខុសច្បាប់ ដែលត្រូវបាននិរទេស ពីការចុះចតនៅ ក្នុងប្រទេស ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បានប្រកាសថា លោកនឹងបង្វែរយន្តហោះយោធាអាមេរិក ដែលដឹកជននិរទេស លុះត្រាតែ សហរដ្ឋអាមេរិក រៀបចំ “ពិធីសារ សម្រាប់ការធ្វើមកលើជន ចំណាកស្រុកប្រកប ដោយសេចក្តីថ្លៃថ្នូរ” ។ ប្រធានាធិបតី អាមេរិកលោក Donald Trump បានប្រតិកម្មយ៉ាង ឆាប់រហ័សទៅវិញ ដោយការដាក់ពន្ធលើទំនិញកូឡុំប៊ី និងការរឹតបន្តឹង ទិដ្ឋាការលើមន្ត្រីកូឡុំប៊ី។

រដ្ឋាភិបាលទីក្រុង Bogota បានប្រកាសនៅពេលក្រោយកាលពីថ្ងៃអាទិត្យថា យន្តហោះប្រធានាធិបតីរបស់ Petro នឹងត្រូវបានបញ្ជូនទៅទទួលយកជនជាតិកូឡុំប៊ីដែលគ្រោងនឹងនិរទេស។ ការិយាល័យរបស់លោក Petro បាននិយាយថា “រដ្ឋាភិបាលនៃប្រទេសកូឡុំប៊ី ក្រោមការដឹកនាំ របស់ប្រធានាធិបតី Gustavo Petro បានរៀបចំសម្រាប់យន្តហោះ ប្រធានាធិបតី ដើម្បីជួយសម្រួលដល់ការវិល ត្រឡប់ដ៏ថ្លៃថ្នូររបស់ជនជាតិកូឡុំប៊ី ដែលនឹងមកដល់ប្រទេសនេះ នៅពេលព្រឹកព្រលឹម ដោយចេញមកពីជើង ហោះហើរនិរទេស”។

សេចក្តីថ្លែងការណ៍របស់ការិយាល័យ ប្រធានាធីបតីកូឡុំប៊ីបាននិយាយថា “ប្រជាជនកូឡុំប៊ី ក្នុងនាមជាអ្នកស្នេហាជាតិ និងជាកម្មវត្ថុនៃសិទ្ធិ មិនមែនជា និងមិនត្រូវបានបណ្តេញ ចេញពីទឹកដីកូឡុំប៊ីឡើយ”។

សូមជម្រាបថា នៅក្នុងការបង្ហោះ ដ៏វែងមួយនៅលើ X កាលពីថ្ងៃចន្ទ លោក Petro បានថ្កោលទោសការបង្ខិតបង្ខំ ពីទីក្រុងវ៉ាស៊ីនតោន។ លោកប្រធានាធិបតីបានសរសេរថា “អ្នកអាចប្រើអំណាចសេដ្ឋកិច្ច និងភាពក្រអឺតក្រទមរបស់អ្នក ដើម្បីប៉ុនប៉ងធ្វើរដ្ឋប្រហារ ដូចអ្នកបានធ្វើជាមួយ Allende” ដោយសំដៅទៅលើ រដ្ឋប្រហារយោធាឆ្នាំ ១៩៧៣ ដែលគាំទ្រដោយ CIA នៅក្នុងប្រទេសឈីលី ដែលនាំទៅ ដល់ការស្លាប់ របស់ប្រធានាធិបតី ជាប់ឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ Salvador Allende ៕

To Top