បរទេស៖ សារព័ត៌មាន NBC News និង Reuters បានរាយការណ៍កាលពីថ្ងៃសុក្រដោយដកស្រង់សម្តីមនុស្សដែលដឹងពីបញ្ហានេះថា ប្រទេសម៉ិកស៊ិកបានបដិសេធមិនអនុញ្ញាតឱ្យយន្តហោះយោធាអាមេរិក ដឹកជននិរទេសចុះចតនៅលើទឹកដីរបស់ខ្លួននោះទេ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា បន្ទាប់ពីចូលកាន់តំណែងកាលពីថ្ងៃចន្ទ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសអាសន្ននៅព្រំដែនភាគខាងត្បូង ហើយបានប្តេជ្ញាថា នឹងបង្កើនការនិរទេសជនចំណាកស្រុកខុសច្បាប់ចេញពីសហរដ្ឋអាមេរិក។
សារព័ត៌មាន NBC បានដកស្រង់សម្តីមន្ត្រីការពារជាតិអាមេរិកពីរនាក់ និងប្រភពទីបីដែលនិយាយថា យន្តហោះដឹកជញ្ជូនយោធា C-17 បានដឹកជនចំណាកស្រុកមិនជាក់លាក់ត្រូវបានកំណត់ពេលចុះចតនៅប្រទេសម៉ិកស៊ិក ប៉ុន្តែមិនដែលហោះចេញទេ។
ជើងហោះហើរស្រដៀងគ្នាចំនួនពីរហោះទៅកាន់ប្រទេសហ្គាតេម៉ាឡាដែលមានជនចំណាកស្រុកប្រហែល ៨០នាក់នៅលើយន្តហោះនីមួយៗបានដំណើរការដូចដែលបានគ្រោងទុកកាលពីថ្ងៃសុក្រ។
មន្ត្រីម៉ិកស៊ិកម្នាក់ បានបញ្ជាក់ប្រាប់សារព័ត៌មាន រ៉យទ័រថា យន្តហោះអាមេរិក មិនត្រូវបានអនុញ្ញាតឲ្យចុះចត នៅក្នុងប្រទេសនេះទេ។ ទីភ្នាក់ងារនេះបានផ្សាយថា គាត់មិនបានផ្តល់ហេតុផលសម្រាប់ការបដិសេធនោះទេ៕
ប្រែសម្រួលៈ ណៃ តុលា