ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន បើកការវាយលុកជាលើកទី២ ទៅលើរោងចក្រចម្រាញ់ប្រេង នៅភាគខាងលិចនៃប្រទេសរុស្ស៊ី

The Mosscow time

គៀវ៖ កាលពីថ្ងៃអាទិត្យ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងអ៊ុយក្រែន បានវាយលុកទៅលើទីតាំងរបស់ក្រុមហ៊ុនចម្រាញ់ប្រេង ឈ្មោះថា Ryazan ស្ថិតនៅភាគខាងលិចនៃប្រទេសរុស្ស៊ី ដែលជាការវាយប្រហារលើកទី២ បើគិតទៅមិនលើសពី ១សប្តាហ៍នោះទេ ។

យោងតាមសេចក្តីថ្លែងការណ៍បានដាក់ថា ការផ្ទុះ និងការបាញ់ប្រហារត្រូវបានកត់ត្រានៅក្នុងតំបន់គោលដៅ បន្ទាប់ពីការវាយប្រហាររួច ។

សេចក្តីថ្លែងការណ៍បានដាក់ថា “រោងចក្រចម្រាញ់ប្រេង Ryazan គឺជារោងចក្រចម្រាញ់ប្រេង ដ៏ធំបំផុតមួយស្ថិតនៅក្នុងចំណោមរោងចក្រចម្រាញ់ប្រេងធំបំផុតចំនួន៤ នៅក្នុងសហព័ន្ធរុស្ស៊ី ។ ជាពិសេស សហគ្រាសនេះផលិតប្រេងម៉ាស៊ូត និងប្រេងឥន្ធនៈយន្តហោះ TS-1” ។

សេចក្តីថ្លែងការណ៍បានដាក់ថា រោងចក្រ Ryazan បានចូលរួមក្នុងការផ្គត់ផ្គង់ប្រេងឥន្ធនៈដល់យោធារុស្ស៊ី ។

អគ្គសេនាធិការបានរាយការណ៍ឲ្យដឹងថា កងកម្លាំងមីស៊ីលរបស់អ៊ុយក្រែន ក៏បានវាយប្រហារទៅលើទីតាំងបញ្ជាការជួរមុខនៃក្រុមប្រតិបត្តិការរបស់កងនាវាចរប៉ាស៊ីហ្វិករុស្ស៊ី នៅជិតការតាំងទីលំនៅ Korenevo នៅក្នុងតំបន់ Kursk ស្ថិតនៅភាគខាងលិចរបស់ប្រទេសរុស្ស៊ី ។ មិនទាន់មានព័ត៌មានលម្អិតបន្ថែមទៀតទាក់ទងនឹងការវាយប្រហារត្រូវបានគេផ្តល់ជូនទៀតនៅឡើយទេ ។

អគ្គសេនាធិការបានឲ្យដឹងថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនកាលពីថ្ងៃសុក្របានបណ្តាលឱ្យមានអគ្គីភ័យនៅឯរោងចក្រផលិត និងស្ថានីយ៍បូមប្រេងរបស់រោងចក្រ Ryazan ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top