បាកដាដ ៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Mohammed Shia al-Sudani បានអំពាវនាវ កាលពីថ្ងៃអាទិត្យ សម្រាប់កិច្ចខិតខំប្រឹងប្រែង បង្រួបបង្រួមក្នុងចំណោម ប្រទេសក្នុងតំបន់ ដើម្បីគាំទ្រដល់ស្ថិរភាពនៅមជ្ឈិមបូព៌ា ។
លោក Al-Sudani បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងពេលជួប ជាមួយរដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan ដែលកំពុងធ្វើទស្សនកិច្ច។ យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ របស់លោក al-Sudani អ្នកទាំងពីរបានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងការវិវត្តចុងក្រោយបង្អស់នៅក្នុងប្រទេសស៊ីរី ហ្គាហ្សា និងលីបង់ ដោយសង្កត់ធ្ងន់លើសារៈសំខាន់ នៃការប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងបទឈប់បាញ់។
លោក Al-Sudani បានរំលឹកឡើងវិញថា “ការត្រៀមខ្លួនរបស់អ៊ីរ៉ាក់ ក្នុងការសម្របសម្រួល ជាមួយប្រទេសជិតខាង ជាពិសេសតួកគី ទាក់ទងនឹងការអភិវឌ្ឍន៍ក្នុងតំបន់ដែលកំពុងបន្ត” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
សម្រាប់ផ្នែក របស់លោកវិញ លោក Fidan បានបញ្ជាក់ជាថ្មីនូវ បំណងប្រាថ្នារបស់ប្រទេស របស់លោកក្នុងការរក្សាការ សម្របសម្រួលយ៉ាង ជិតស្និទ្ធជាមួយប្រទេស អ៊ីរ៉ាក់ លើការអភិវឌ្ឍន៍ក្នុងតំបន់ ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់តួកគីចំពោះគម្រោង និងកិច្ចសហប្រតិបត្តិការផ្លូវយុទ្ធសាស្ត្រ ដោយផ្អែកលើអនុស្សរណៈ នៃការយោគយល់គ្នា ដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរក្នុងវិស័យដូចជាថាមពល ការអប់រំ ពាណិជ្ជកម្ម ធនាគារ និងវិស័យផ្សេងៗទៀត ។
លោក Fidan ក៏បានជួបជាមួយប្រធានាធិបតី អ៊ីរ៉ាក់លោក Abdul Latif Rashid ក្នុងអំឡុងពេលនោះអ្នកទាំងពីរបានពិភាក្សាអំពីការអភិវឌ្ឍន៍ក្នុងតំបន់ ដោយសង្កត់ធ្ងន់លើសារៈសំខាន់ នៃការកាត់បន្ថយភាពតានតឹង ការបន្ថយជម្លោះ និងការជំរុញការសន្ទនា ដើម្បីដោះស្រាយជម្លោះ នេះបើយោងតាមសេចក្តីថ្លែង ការណ៍របស់ការិយាល័យប្រធានាធិបតីអ៊ីរ៉ាក់៕
ប្រែសម្រួល ឈូក បូរ៉ា
