វ៉ាស៊ីនតោន៖ កាលពីថ្ងៃទី២៦ ខែមករា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio បានបញ្ជាឱ្យផ្អាកការចេញទិដ្ឋាការ លើមន្ត្រីរដ្ឋាភិបាលកូឡុំប៊ី និងសមាជិកគ្រួសាររបស់ពួកគេ បន្ទាប់ពីការបដិសេធរបស់ប្រទេសកូឡុំប៊ី មិនអនុញ្ញាតឱ្យមានជើងហោះហើរនិរទេស ដែលដឹកជនអន្តោប្រវេសន៍។
ក្រសួងការបរទេសបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “ឥឡូវនេះលោក Rubio កំពុងអនុញ្ញាតឱ្យដាក់ទណ្ឌកម្មការធ្វើដំណើរលើបុគ្គល និងក្រុមគ្រួសាររបស់ពួកគេ ដែលទទួលខុសត្រូវ ចំពោះការជ្រៀតជ្រែកនៃប្រតិបត្តិការហោះហើរ ធ្វើមាតុភូមិនិវត្តន៍របស់សហរដ្ឋអាមេរិក” ។
សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា វិធានការនេះនឹងបន្តរហូតដល់ប្រទេសកូឡុំប៊ី បំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការទទួលយក ការវិលត្រឡប់របស់ពលរដ្ឋរបស់ខ្លួនវិញ។
សហរដ្ឋអាមេរិក នឹងដាក់ពន្ធ ២៥ភាគរយដែលនឹងកើនឡើងដល់ ៥០ភាគរយ ក្នុងមួយសប្តាហ៍លើទំនិញទាំងអស់ ដែលចូលមកសហរដ្ឋអាមេរិកពីប្រទេសកូឡុំប៊ី ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក Truth Social កាលពីថ្ងៃអាទិត្យ។
លោក ត្រាំ ក៏បានប្រកាសបង្កើនការត្រួតពិនិត្យ គយលើអ្នកធ្វើដំណើរ និងទំនិញពីប្រទេសកូឡុំប៊ី ដោយផ្អែកលើមូលដ្ឋានសន្តិសុខជាតិ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ជាការឆ្លើយតប ប្រធានាធិបតីកូឡុំប៊ីលោក Gustavo Petro បានឲ្យដឹងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “ការបិទផ្លូវរបស់អ្នកមិនបានបំភ័យខ្ញុំនោះទេ” ហើយថាប្រទេសកូឡុំប៊ី នឹងឆ្លើយតបដោយការដំឡើងពន្ធ លើទំនិញរបស់សហរដ្ឋអាមេរិកវិញ ៕
ប្រែសម្រួល ឈូក បូរ៉ា