បរទេស ៖ សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃអាទិត្យ ដោយដកស្រង់ប្រភពអនាមិកថា សមាជិកអង្គការណាតូ នឹងចែករំលែកផែនការ លទ្ធកម្ម ដែលបានចាត់ថ្នាក់ជាមួយក្រុមហ៊ុន ផលិតសព្វាវុធក្នុង កិច្ចខិតខំប្រឹងប្រែង ដើម្បីលើកទឹកចិត្ត ដល់ការបង្កើនសមត្ថភាព ឧស្សាហកម្ម។
យោងតាមសារ ព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា របាយការណ៍បានអះអាងថា គំនិតផ្តួចផ្តើម ដែលត្រូវបានរាយការណ៍ថា ដឹកនាំដោយអគ្គលេខាធិកាលោក Mark Rutte តម្រូវឱ្យមានការឯកភាពគ្នាក្នុងចំណោមប្រទេសក្នុងប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក ហើយអាច នឹងត្រូវបានអនុវត្តក្នុងរយៈពេលប៉ុន្មានខែ ។ ប្រភពបាននិយាយថា នៅក្រោមការពិចារណាផងដែរ គឺការចែករំលែកស្តង់ដារ យោធាដែលបានចាត់ថ្នាក់ជាមួយបណ្តា ប្រទេសសហភាពអឺរ៉ុប ដែលមិនមែនជាអង្គការណាតូ ដើម្បីធ្វើឱ្យប្រសើរឡើង នូវអន្តរប្រតិបត្តិការ នៃកងទ័ព ។
អង្គការនេះកំពុងស្វែងរក “វិធីនៃការបញ្ចេញ នូវគោលដៅសរុបមួយចំនួន ក្នុងទម្រង់ដែលអាចត្រូវបានចែក រំលែកដោយសុវត្ថិភាព ដើម្បីបញ្ចុះបញ្ចូលក្រុមហ៊ុនឱ្យបង្កើនសមត្ថភាពផលិតកម្ម” នេះបើយោងតាមរបាយការណ៍ ។
មន្ត្រីអង្គការណាតូ និងសហភាពអឺរ៉ុប បាននឹងកំពុងអំពាវនាវឱ្យមានការបង្កើនការចំណាយលើវិស័យការពារជាតិ និងការផលិតសព្វាវុធនៅក្នុងទ្វីបអឺរ៉ុប ដែលទំនងជាសម្រាប់ការ រារាំងដល់ប្រទេសរុស្ស៊ី។ ប្រធានគោលនយោបាយការបរទេសរបស់សហភាពលោក Kaja Kallas បានសង្កត់ធ្ងន់លើភាព បន្ទាន់កាលពីសប្តាហ៍មុន ដោយអះអាងថា “យើងបានចំណាយប្រាក់រាប់ពាន់លានដុល្លារលើសាលារៀន សុខុមាលភាព ការថែទាំសុខភាព ប៉ុន្តែប្រសិនបើយើងមិនវិនិយោគបន្ថែមទៀត លើវិស័យការពារជាតិទេ ទាំងអស់នេះសុទ្ធតែមានហានិភ័យ”៕
ប្រែសម្រួលៈ ណៃ តុលា