បរទេស ៖ យន្តហោះចម្បាំង F-35 មួយគ្រឿង បានធ្លាក់នៅឯមូលដ្ឋានទ័ពអាកាស Eielson ក្បែរទីក្រុង Fairbanks រដ្ឋ Alaska នៅម៉ោងប្រហែល ១ រសៀលកាលពីថ្ងៃអង្គារ ដោយអាជ្ញាធរបានរាយការណ៍ថា ឧបទ្ទវហេតុនេះបានបណ្តាលឱ្យ “ខូចខាតយ៉ាងសំខាន់” ដល់យន្តហោះ។ ទោះបីជាយ៉ាងណាក៏ដោយ វីដេអូមួយ ដែលត្រូវបានផ្សព្វផ្សាយ នៅលើអ៊ីនធឺណិតបង្ហាញថា យន្តហោះនេះត្រូវបានបំផ្លាញទាំងស្រុង ខណៈដែលវាបានធ្លាក់ពីលើ អាកាសមកលើផ្លូវរត់ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា អ្នកបើកយន្តហោះ មិនមានរបួសនោះទេ ហើយត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យយោធា Bassett ដើម្បីធ្វើការវាយតម្លៃ។ ការធ្លាក់នេះបានកើតឡើងនៅក្នុងបរិវេណមូលដ្ឋាន ហើយសេវាសង្គ្រោះបន្ទាន់ រួមទាំងរថយន្តសង្គ្រោះបន្ទាន់ និង រថយន្តពន្លត់អគ្គីភ័យបានឆ្លើយតបយ៉ាងឆាប់រហ័សផងដែរ។ ការស៊ើបអង្កេតកំពុងដំណើរ ការដើម្បីកំណត់ពីមូលហេតុ នៃឧបទ្ទវហេតុនេះ ។
វីដេអូដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលជាក់ស្តែងត្រូវបានថតដោយបុគ្គលិកមូលដ្ឋាន និងបានលេចធ្លាយតាមអ៊ីនធឺណិត បង្ហាញពីយន្តហោះធ្លាក់ពីលើអាកាស ខណៈពេលដែលអ្នកបើកយន្តហោះ ចុចកៅអីសុវត្ថិភាពចេញពីយន្តហោះជាមួយឆ័ត្រយោងសុវត្ថិភាព៕
ប្រែសម្រួលៈ ណៃ តុលា