ស៊ីដនី៖ ការិយាល័យឧតុនិយម របស់ប្រទេសអូស្រា្តលី ហៅកាត់ថា (BoM) បានព្រមានថា ព្យុះស៊ីក្លូន ចំនួន៣អាចនឹងកើតឡើង នៅឆ្នេរសមុទ្រភាគខាងជើង នៃប្រទេសអូស្ត្រាលីនៅក្នុងរយៈពេលប៉ុន្មានថ្ងៃ ខាងមុខ ។
បើយោងតាមការព្យាករណ៍របស់ BoM ព្យុះស៊ីក្លូនត្រូពិច កើតមានក្នុងរយៈពេល៧ថ្ងៃ ហើយព្យុះត្រូពិចកម្រិតទាបចំនួន៥ អាចនឹងវិវឌ្ឍន៍ឆ្លងកាត់ភាគខាងជើង នៃប្រទេសអូស្ត្រាលីក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ។
នៅក្នុងចំណោមនោះ ការិយាល័យខាងលើបានបញ្ជាក់ថា ព្យុះចំនួន៣នឹងមានឱកាសយ៉ាងហោចណាស់ ២៥ភាគរយ ក្នុងកម្រិតមធ្យមក្នុងការឈានដល់ កម្លាំងព្យុះស៊ីក្លូននៅចន្លោះថ្ងៃអាទិត្យដល់ថ្ងៃពុធ ។ កម្រិតទាបត្រូពិច ត្រូវបានប្រកាសថា ជាព្យុះស៊ីក្លូនដោយការិយាល័យ BoM នៅគ្រាដែលល្បឿនខ្យល់ជាមធ្យមលើសពី ៦៣គីឡូម៉ែត្រក្នុង១ម៉ោង ។
ការិយាល័យដដែលនេះបានឲ្យដឹងថា ខ្យុះត្រូពិចទាបនៅឆ្នេរសមុទ្រភាគពាយព្យ នៃប្រទេសអូស្ត្រាលីភាគខាងលិច នៅក្នុងមហាសមុទ្រឥណ្ឌា មានឱកាសខ្ពស់បំផុតក្នុងការឈាន ដល់កម្លាំងព្យុះស៊ីក្លូនហើយអាចបង្កើនសកម្មភាព ព្យុះផ្គររន្ទះនៅក្នុងតំបន់ទៀតផង ។
ព្យុះ២ផ្សេងទៀត អាចអភិវឌ្ឍនៅឈូងសមុទ្រ Carpentaria ដែលជាដែនទឹករវាងដែនដីភាគខាងជើង និងផ្នែកខាងជើងនៃរដ្ឋ Queensland និងនៅក្នុងសមុទ្រ Coral នៃឆ្នេរសមុទ្រភាគឦសាននៃរដ្ឋ Queensland ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា