វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងដា លោកនឹងណែនាំមន្ទីរបញ្ចកោណ និងនាយកដ្ឋានសន្តិសុខមាតុភូមិ ឱ្យរៀបចំកន្លែង សម្រាប់ជនចំណាកស្រុកចំនួន ៣០,០០០នាក់ នៅឯឈូងសមុទ្រ Guantanamo ដែលជាមូលដ្ឋានទ័ពជើងទឹកសហរដ្ឋអាមេរិក ដែលមានទីតាំងនៅឆ្នេរសមុទ្រ ភាគអាគ្នេយ៍នៃប្រទេសគុយបា។ .
លោក ត្រាំ បានធ្វើការកត់សម្គាល់មុនពេលគាត់ ចុះហត្ថលេខាលើច្បាប់ Laken Riley នៅសេតវិមានថា “យើងមានគ្រែចំនួន ៣ម៉ឺនានៅឈូកសមុទ្រ Guantanamo ដើម្បីឃុំខ្លួនជនបរទេសខុសច្បាប់ដ៏អាក្រក់បំផុត ដែលគំរាមកំហែងប្រជាជនអាមេរិក ហើយនេះនឹងបង្កើនសមត្ថភាព របស់យើងទ្វេដងភ្លាមៗ” ។
ច្បាប់ Laken Riley ដែលកំណត់ការឃុំខ្លួនជនចំណាកស្រុក ដែលគ្មានឯកសារដែលត្រូវបានចោទប្រកាន់ ពីបទឧក្រិដ្ឋកម្មមួយចំនួន ត្រូវបានអនុម័តដោយសភាកាលពីដើមខែនេះ។ វាជាច្បាប់សំខាន់ទីមួយនៃរដ្ឋបាលថ្មីរបស់អាមេរិក។
លេខាធិការសន្តិសុខមាតុភូមិលោកស្រី Kristi Noem បានប្រាប់ CNN ថាមូលដ្ឋានអាចត្រូវបានបម្រុងទុក ដើម្បីឃុំខ្លួនអ្វីដែលលោកស្រី ពិពណ៌នាថាជា “ការឃុំខ្លួនដ៏អាក្រក់បំផុត” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
ក្នុងអំឡុងពេលយុទ្ធនាការរបស់លោក លោក ត្រាំ បានសន្យាថា នឹងអនុវត្តការនិរទេសជនអន្តោប្រវេសន៍ ខុសច្បាប់ទ្រង់ទ្រាយធំ នៅពេលដែលគាត់ចូលកាន់តំណែង។ បន្ទាប់ពីការសម្ពោធរបស់លោក នៅថ្ងៃទី២០ ខែមករា ប្រតិបត្តិការនិរទេសបានរីកដុះដាល នៅក្នុងផ្នែកជាច្រើននៃសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ថា ផ្តោតលើឧក្រិដ្ឋជន៕
ប្រែសម្រួល ឈូក បូរ៉ា