ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីជប៉ុន គ្រោងបំពេញទស្សនកិច្ចនៅអាមេរិក សម្រាប់កិច្ចប្រជុំកំពូលជាមួយ លោក ត្រាំ

kyodo

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba កំពុងរៀបចំដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក សម្រាប់កិច្ចប្រជុំកំពូលដោយផ្ទាល់ជាលើកដំបូង ជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃទី០៧ ខែកុម្ភៈ។

ជប៉ុន​បាន​រិះរក​លទ្ធភាព​នៃ​ការ​ជួប​លោក Ishiba ជួប​ជាមួយ​លោក ត្រាំ មុន​ពេល​លោក​ចូល​កាន់​តំណែង​ជា​លើក​ដំបូង​ក្នុង​ខែ​វិច្ឆិកា និង​បន្ទាប់​មក​ក្នុង​ខែ​មករា ប៉ុន្តែ​វា​មិន​បាន​សម្រេច​នោះទេ។  ថ្មីៗនេះ លោក Ishiba បានឲ្យដឹងថា លោកកំពុងស្វែងរក “ពេលវេលាដែលអាចធ្វើទៅបានដំបូងបំផុត” សម្រាប់កិច្ចប្រជុំកំពូលជាមួយ ប្រធានាធិបតីសហរដ្ឋអាមេរិក។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំដែល បានគ្រោងទុកជាមួយលោក ត្រាំ ដែលបានត្រឡប់ទៅសេតវិមានវិញនៅថ្ងៃទី២០ ខែមករា លោក Ishiba ត្រូវបានគេរំពឹងថានឹងសង្កត់ធ្ងន់លើតម្រូវការ ក្នុងការពង្រឹងសម្ព័ន្ធភាពទ្វេភាគី និងបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីធានាបាននូវឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ។

លោក Ishiba ដែលចូលកាន់តំណែងក្នុងខែតុលា ឆ្នាំ២០២៤ បានលើកឡើងថា លោកនឹងលើកឡើងពីអត្ថប្រយោជន៍ នៃទំនាក់ទំនងជប៉ុន-អាមេរិក ដ៏រឹងមាំដោយផ្អែកលើផលប្រយោជន៍ ជាតិទៅវិញទៅមក នៅពេលលោកជួបជាមួយ ត្រាំ ដែលចូលចិត្តកិច្ចព្រមព្រៀងទ្វេភាគី ជាងពហុភាគី។ 

ការសម្រេចចិត្តរបស់អតីតប្រធានាធិបតីលោក ចូ បៃដិន ក្នុងការរារាំងការកាន់កាប់ក្រុមហ៊ុន United States Steel Corp ដោយគូប្រជែងជប៉ុន គឺក្រុមហ៊ុន Nippon Steel Corp. នៅតែជាចំណុចនៃជម្លោះក្នុងទំនាក់ទំនងទ្វេភាគី។  លោក Ishiba អាច​លើក​ឡើង​ពី​បញ្ហា​នេះ​ ក្នុង​អំឡុង​ពេល​ពិភាក្សា​ជាមួយ​លោក ត្រាំ។

លោក Ishiba បានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន ដោះស្រាយកង្វល់ក្នុងចំណោមមជ្ឈដ្ឋានធុរកិច្ច ក្នុងប្រទេសទាំងពីរដោយសង្កត់ធ្ងន់ថា បរិយាកាសដែលងាយស្រួលវិនិយោគ គឺចាំបាច់សម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top