ញ៉ូដេលី៖ យ៉ាងហោចណាស់មានមនុស្សចំនួន៣០នាក់បានស្លាប់ និងចំនួន៦០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងអំឡុងពេលរត់ជាន់គ្នាដែលបានកើតឡើងកាលពីព្រឹកថ្ងៃពុធ នៅឯពិធីបុណ្យហិណ្ឌូដ៏ធំដែលកំពុងបន្តធ្វើឡើងនៅ Maha Kumbh Mela នៅរដ្ឋ Uttar Pradesh ស្ថិតនៅភាគខាងជើងនៃប្រទេសឥណ្ឌា ។
ករណីរត់ជាន់គ្នាបានកើតឡើងនៅពេលព្រឹកព្រលឹម ដោយសារបញ្ហារបាំងចំនួន២ត្រូវបានគេបំបែក ខណៈអ្នកកាន់សាសនារាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅ Triveni Sangam នៅក្នុងឱកាសនៃការជ្រមុជទឹកនៅ Prayagraj ប្រហែល ១៩៦គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុង Lucknow រដ្ឋធានីនៃរដ្ឋ Uttar Pradesh ។
លោក Vaibhav Krishna មន្ត្រីប៉ូលិសជាន់ខ្ពស់បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងពេលធ្វើសន្និសីទសារព័ត៌មាននៅពេលល្ងាចថា “មនុស្សប្រហែល៩០នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យតាមរយៈរថយន្តសង្គ្រោះ ប៉ុន្តែជាអកុសល អ្នកលះបង់ចំនួន៣០នាក់បានស្លាប់” ។ “នៅក្នុងចំណោមអ្នកស្លាប់ចំនួន៣០នាក់ ដោយមនុស្សចំនួន២៥នាក់ ត្រូវបានគេកំណត់អត្តសញ្ញាណ ហើយនៅសល់មិនទាន់ត្រូវបាន កំណត់អត្តសញ្ញាណនៅឡើយទេ” ។
មន្ត្រីប៉ូលិសបានបញ្ជាក់ថា មនុស្សចំនួន៣៦នាក់ កំពុងត្រូវបានគេនាំទៅព្យាបាល នៅឯមន្ទីរពេទ្យនៅក្នុងតំបន់ ។
គួររំលឹកថា នៅក្នុងឆ្នាំ២០១៣ អ្នកធ្វើធម្មយាត្រាតិចបំផុត៤០នាក់ ត្រូវបានបាត់បង់ជីវិតនៅក្នុងពេល រត់ជាន់គ្នានៅឯស្ថានីយ៍រថភ្លើងនៅ Prayagraj ក្នុងពិធីបុណ្យដូចគ្នា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា