បរទេស៖ រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Noel Barrot បាននិយាយថា ប្រទេសបារាំងនឹងមានឆន្ទៈក្នុងការដាក់ពង្រាយកងទ័ពទៅកាន់តំបន់ Greenland ចំពេលមានជម្លោះរវាងដាណឺម៉ាក និងសហរដ្ឋអាមេរិកនៅលើកោះអាកទិក។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដំបូងបានបណ្ដែតគំនិតក្នុងការទិញយកបូរណភាពទឹកដីក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក ហើយបានធ្វើឱ្យមានគំនិតឡើងវិញបន្ទាប់ពីការវិលចូលកាន់អំណាចកាលពីដើមឆ្នាំនេះ។ លោកបានលើកឡើងពីសារៈសំខាន់របស់តំបន់ Greenland សម្រាប់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ដោយមិនបដិសេធទៅលើការប្រើប្រាស់កម្លាំងយោធាដើម្បីទទួលបានកោះនេះ ដែលជាកោះធំជាងគេលើពិភពលោក។
ប្រទេសដាណឺម៉ាក ដែលគ្រប់គ្រងដែនដីស្វយ័តនោះ បានទទូចថា Greenland មិនមែនសម្រាប់លក់ទេ។
នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ Sud របស់ប្រទេសបារាំងកាលពីថ្ងៃអង្គារ លោក Barrot បានបង្ហាញថា ទីក្រុងប៉ារីស “បានចាប់ផ្តើមពិភាក្សាអំពី [ការដាក់ពង្រាយទ័ព] ជាមួយប្រទេសដាណឺម៉ាក” ដោយកត់សម្គាល់ថា ទោះជាយ៉ាងណាក៏ដោយ ទីក្រុង Copenhagen មិនមានបំណងប្រាថ្នាសម្រាប់បេសកកម្មបែបនេះនៅពេលនេះទេ៕
ប្រែសម្រួលៈ ណៃ តុលា