ប៊ែកឡាំង៖ កាលពីថ្ងៃពុធ រដ្ឋាភិបាលអាល្លឺម៉ង់ បានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥នេះ ដោយរំពឹងថា សេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុបនឹងកើនឡើង០,៣ ភាគរយ ជំនួសឱ្យការព្យាករណ៍ពីមុន១,១ភាគរយ ។
ការកែប្រែនេះគូសបញ្ជាក់អំពីបញ្ហាប្រឈមជាប់លាប់ដែលកំពុងប្រឈមមុខនឹងសេដ្ឋកិច្ចធ្លាក់ចុះរបស់ប្រទេសអាល្លឺម៉ង់ ចំស្របលមានសម្ពាធផ្នែកខាងក្រៅ និងរចនាសម្ព័ន្ធដែលកំពុងបន្តកើតមានឡើង ។
យោងតាមរបាយការណ៍ព្យាករណ៍សេដ្ឋកិច្ចប្រចាំឆ្នាំដែលចេញផ្សាយដោយក្រសួងសហព័ន្ធសម្រាប់កិច្ចការសេដ្ឋកិច្ច និងសកម្មភាពអាកាសធាតុបានឲ្យដឹងថា ការធ្លាក់ចុះនេះត្រូវបានគេសន្មតថា ជាផ្នែកមួយនៃការដួលរលំនៃ បក្ស “សម្ព័ន្ធពន្លឺចរាចរណ៍” ដែលកំពុងកាន់អំណាចរបស់ប្រទេស បូករួមទាំងគណបក្សសង្គមប្រជាធិបតេយ្យ ហៅកាត់ (SPD) គណបក្សបៃតង និងគណបក្សប្រជាធិបតេយ្យសេរី ហៅកាត់ថា (FDP) ដែលបាននាំឱ្យមានការផ្អាកគំនិតផ្តួចផ្តើមជំរុញកំណើន ។
នៅក្នុងរបាយការណ៍បានដាក់ថា ទន្ទឹមនឹងនេះដែរ ភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើងលើគោលនយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក បូករួមជាមួយនឹងការបោះឆ្នោតនាពេលខាងមុខក្នុងប្រទេសអាល្លឺម៉ង់ កំពុងថ្លឹងថ្លែងបន្ថែមទៀតលើទស្សនវិស័យកំណើនដែលផុយស្រួយនេះ ។
លោក Robert Habeck រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបានថ្លែងថា “សេដ្ឋកិច្ចអាល្លឺម៉ង់ ស្ថិតក្នុងស្ថានភាពលំបាកមួយនៅដើមឆ្នាំ២០២៥នេះ” ។
លោក Habeck បានថ្លែងទៀតថា បញ្ហាប្រឈមជាសកល រួមទាំងការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយ និងវិបត្តិថាមពល បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចឧស្សាហកម្ម និងការនាំចេញដែលពឹងផ្អែកលើការនាំចេញ ខណៈក៏មានការចង្អុលបង្ហាញពីបញ្ហារចនាសម្ព័ន្ធជាមូលដ្ឋានដែលជាឧបសគ្គក្នុងស្រុកដ៏សំខាន់ផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា