សេអ៊ូល៖ មេបញ្ជាការកងទ័ពអាកាសកំពូល នៃប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើការពិភាក្សាគ្នាតាមវីដេអូនៅថ្ងៃសុក្រនេះ ហើយបានប្តេជ្ញាថា នឹងពង្រឹងសមត្ថភាពការពារជាតិរួមគ្នារបស់ពួកគេ តាមរយៈការហ្វឹកហ្វឺនរួមគ្នាជាច្រើននៅឆ្នាំ២០២៥ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានយុនហាប់។
ឧត្តមសេនីយឯក Lee Young-su អគ្គសេនាធិការកងទ័ពអាកាស និងសមភាគីសហរដ្ឋអាមេរិក លោកឧត្តមសេនីយ៍ David W. Allvin បានសន្យានៅក្នុងការសន្ទនាតាមវីដេអូ លើកដំបូងរបស់ពួកគេក្នុងឆ្នាំនេះ ក្នុងគោលបំណងពង្រឹងភាពជាដៃគូរវាង សេវាកម្មប្រដាប់អាវុធរបស់ប្រទេសទាំងពីរ។
ភាគីទាំងពីរបានបញ្ជាក់ថា ពួកគេនឹងធ្វើសមយុទ្ធរួមគ្នាដោយស្មោះត្រង់ ដូចជាសមយុទ្ធបាញ់គ្រាប់ពិត Freedom Shield និងសមយុទ្ធ Red Flag-Alaska ដើម្បីបង្កើនសមត្ថភាពជាក់ស្តែងរបស់ពួកគេ ដើម្បីអនុវត្តប្រតិបត្តិការ នេះបើយោងតាមកងទ័ពអាកាស របស់ប្រទេសកូរ៉េខាងត្បូង៕
ប្រែសម្រូល ឈូក បូរ៉ា
