ព័ត៌មានអន្តរជាតិ

រកឃើញប្រអប់ខ្មៅពីយន្តហោះដឹកអ្នកដំណើរ និងសាកសពជាង ៤០នាក់ ពីហេតុការណ៍យន្តហោះបុកគ្នានៅលើអាកាស នៅទីក្រុងវ៉ាស៊ីនតោន

afp

បរទេស៖ មន្ត្រីសេវាពន្លត់អគ្គីភ័យ និងសង្គ្រោះបន្ទាន់នៅទីក្រុងវ៉ាស៊ីនតោនបាននិយាយកាលពីថ្ងៃសុក្រថា សាកសពជាង ៤០នាក់ ត្រូវបានគេរកឃើញពីបំណែកយន្តហោះដឹកអ្នកដំណើរពាណិជ្ជកម្ម និងឧទ្ធម្ភាគចក្រយោធាដែលបានបុកគ្នានៅលើអាកាស និងធ្លាក់ចូលទៅក្នុងទន្លេ Potomac កាលពីល្ងាចថ្ងៃពុធ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រតិបត្តិការ​ដើម្បី​ស្រង់​សាកសព​មនុស្ស​៦៧​នាក់​ដែល​ស្លាប់​ក្នុង​ការ​ប៉ះទង្គិច​គ្នា​ គឺបាន​បន្ត​នៅ​ព្រឹក​ថ្ងៃ​សុក្រ​។ ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ ឬ NTSB ដែលជាទីភ្នាក់ងារសហព័ន្ធដឹកនាំការស៊ើបអង្កេតលើឧបទ្ទវហេតុនេះ ត្រូវបានរាយការណ៍ថា កំពុងស្ថិតនៅកន្លែងកើតហេតុ រួមជាមួយនឹងនាវិក EMS តំបន់ ។

យន្តហោះពាណិជ្ជកម្ម ដំណើរការដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក PSA Airlines បានដឹកអ្នកដំណើរ និងនាវិកចំនួន ៦៤ នាក់ ខណៈដែលឧទ្ធម្ភាគចក្រ UH-60 Black Hawk របស់កងទ័ពសហរដ្ឋអាមេរិកបានដឹកនាវិកចំនួន ៣ នាក់។ ក្រុម​មន្ត្រី​បាន​និយាយ​ថា​មិន​មាន​អ្នក​នៅ​រស់រាន​មាន​ជីវិត​នោះទេ។

NTSB បានរាយការណ៍កាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា ឧបករណ៍ថតសំឡេងរបស់កាប៊ីនយន្ដហោះ និងឧបករណ៍ថតទិន្នន័យហោះហើរពីក្រុមហ៊ុនអាកាសចរណ៍ដែលឧបករណ៍ដែលជារឿយៗហៅថា ប្រអប់ខ្មៅត្រូវបានគេរកឃើញហើយនៅមន្ទីរពិសោធន៍ របស់ទីភ្នាក់ងារសម្រាប់ការវាយតម្លៃ។

នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃសុក្រជាមួយបណ្តាញព័ត៌មាន Fox News ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Pete Hegseth បាននិយាយថា “ប្រអប់ខ្មៅ” សម្រាប់ឧទ្ធម្ភាគចក្រមិនទាន់ត្រូវបានរកឃើញនៅឡើយទេ ប៉ុន្តែទិន្នន័យរបស់វាទំនងជានឹងកំណត់ថាអ្នកណាជាអ្នកបើកឧទ្ធម្ភាគចក្រនៅពេលនោះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top