បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រកាសថា ប្រទេសបារាំង នឹងបង្កើនថវិកា ការពារជាតិរបស់ខ្លួនទ្វេដង ក្នុងពេលអនាគតដ៏ខ្លីខាងមុខ ហើយបានជំរុញឱ្យ មេដឹកនាំសហភាព អឺរ៉ុបដទៃទៀត បង្កើនការចំណាយលើផ្នែក យោធាដូចគ្នាផងដែរ។
ការប្រកាសបែបនេះកើតឡើង ចំពេលមានសម្ពាធរបស់សហរដ្ឋអាមេរិក លើប្រទេសសមាជិកណាតូ ដើម្បីបង្កើនការរួមចំណែក ដល់សន្តិសុខសមូហភាពនៅក្នុង បណ្តាសមាជិក របស់អង្គការយោធាដ៏ធំ របស់ពិភពលោកមួយនេះ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទ បន្ទាប់ពីកិច្ចប្រជុំក្រៅផ្លូវការមួយរបស់មេដឹកនាំសហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុសែល ស្តីពីការការពារអឺរ៉ុប លោក Macron បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់អឺរ៉ុបដែលមានស្វ័យភាព និងស្វយ័តជាងមុន។
លោក Macron បាននិយាយថា ៖ ប្រទេសបារាំងនឹងបង្កើនថវិកា ការពារជាតិ របស់ខ្លួនទ្វេដងបន្ទាប់ពីការបញ្ចប់ច្បាប់ កម្មវិធីយោធាចំនួនពីរ ហើយនឹងចាប់ផ្តើម គម្រោងយុទ្ធសាស្ត្រសំខាន់ៗ ព្រមទាំងអំពាវនាវ ឱ្យសមាជិកសហភាពអឺរ៉ុប ដទៃទៀតធ្វើតាមខ្លួនផងដែរ។
លោកបានអះអាងបន្ថែមទៀតថា ការសម្រេចចិត្ត និងសេចក្តីថ្លែងការណ៍ថ្មីៗ ពីរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក កំពុងជំរុញសហភាព អឺរ៉ុបឆ្ពោះទៅរកការរួបរួមកាន់តែខ្លាំង និងតួនាទីសកម្មជាងមុន ក្នុងការដោះស្រាយបញ្ហា ប្រឈមសន្តិសុខរួមគ្នា៕
ប្រែសម្រួល៖ស៊ុនលី