ព័ត៌មានអន្តរជាតិ

លោក Donald Trump ថា ក្រុងគៀវ នឹងត្រូវផ្គត់ផ្គង់ ដល់ទីក្រុងវ៉ាស៊ីនតោន ជាមួយសារធាតុរ៉ែកម្រនៅលើផែនដី ប្រសិនបើអ៊ុយក្រែនចង់ បន្តទទួលបាន ជំនួយពីអាមេរិក

Xinhua

បរទេស៖ ប្រធានាធិបតី អាមេរិក លោក Donald Trump បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា ក្រុងកៀវនឹងត្រូវ ផ្គត់ផ្គង់ដល់ទីក្រុងវ៉ាស៊ីនតោនជាមួយសារធាតុរ៉ែកម្រនៅលើផែនដី ប្រសិនបើអ៊ុយក្រែន ចង់បន្តទទួលបានជំនួយពីអាមេរិក។ លោក​បាន​បន្ថែម​ថា អ៊ុយក្រែន​ នឹង​ត្រូវ​បញ្ចូល ​កិច្ច​ព្រម​ព្រៀង​ថ្មី​មួយ ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក ដោយ​ហៅ​វា​ថា​ជា «ការ​ធានា» សម្រាប់​ក្រុង​វ៉ាស៊ីនតោន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមរបាយការណ៍ វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២៤, អ៊ុយក្រែន “ទទួលបានសក្តានុពលដ៏ធំធេង ក្នុងនាមជាអ្នកផ្គត់ផ្គង់ វត្ថុធាតុដើមសំខាន់ៗ ទូទាំងពិភពលោក” ដែលអាច “ចាំបាច់” សម្រាប់ឧស្សាហកម្មការពារជាតិ បច្ចេកវិទ្យាខ្ពស់ និងថាមពលបៃតង ។ ប្រទេសនេះមានទុនបំរុងទីតានីញ៉ូមដ៏ធំបំផុតនៅអឺរ៉ុប ដែលស្មើនឹង ៧ភាគរយ នៃទុនបម្រុងពិភពលោក ។ មុនពេលជម្លោះកើនឡើងជាមួយទីក្រុងមូស្គូក្នុងឆ្នាំ ២០២២ អ៊ុយក្រែនគឺជាអ្នក ផ្គត់ផ្គង់សារធាតុទីតានីញ៉ូមដ៏សំខាន់សម្រាប់ឧស្សាហកម្មយោធា។

បញ្ជីនៃលោហធាតុកម្រ ដែលអាចរកបានក្នុង ប្រទេសអ៊ុយក្រែនក៏រួមមាន បេរីលីយ៉ូម ម៉ង់ហ្គាណែស ហ្គាលីញ៉ូម អ៊ុយរ៉ាញ៉ូម ហ្សីកញ៉ូម ក្រាហ្វីត អាប៉ាទីត ហ្វ្លុយអូរីត និងនីកែលផងដែរ ។ ប្រទេសនេះក៏មានទុនបំរុងលីចូម ដែលបានបញ្ជាក់ដ៏ធំបំផុត របស់អឺរ៉ុបដែលប៉ាន់ស្មានថាមានចំនួន ៥សែនតោន ។ សារធាតុរ៉ែមានសារៈសំខាន់ជាពិសេស សម្រាប់ប្រើប្រាស់ក្នុងថ្ម និងឧបករណ៍ផ្ទុក។

លោក Trump បានប្រាប់អ្នកកាសែតកាលពីថ្ងៃចន្ទថា អ៊ុយក្រែនមានវត្ថុធាតុកម្រលើផែនដីដ៏មានតម្លៃណាស់” ហើយបើយោងតាមប្រធានាធិបតី Trump, សហរដ្ឋអាមេរិកកំពុង “ប្រគល់ប្រាក់ឱ្យអ៊ុយក្រែន ទាំងដៃៗ” និងចង់បាន “ការធានា” មួយចំនួន ៕
ប្រែសម្រួលៈ ណៃ តុលា

To Top