តូក្យូ ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បានឲ្យដឹងថា រដ្ឋាភិបាល របស់លោកកំពុង ពិចារណាផ្តល់ជំនួយផ្នែក វេជ្ជសាស្រ្តនៅក្នុងប្រទេសជប៉ុន សម្រាប់អ្នករស់នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលហែកហួរដោយជម្លោះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
លោក Ishiba បានប្រាប់អង្គប្រជុំសភា ដោយសំអាងលើតំបន់ប៉ាឡេស្ទីន ដែលត្រូវបានវាយប្រហារ ដោយយោធាអ៊ីស្រាអែល ក្នុងសង្គ្រាមប្រឆាំង នឹងក្រុមសកម្មប្រយុទ្ធហាម៉ាស់ថា “យើងកំពុងខិតខំប្រឹងប្រែង ដើម្បីស្វែងរកមធ្យោបាយ ដើម្បីទទួលយកប្រជាជន នៅក្នុងប្រទេសជប៉ុន ដែលបានធ្លាក់ខ្លួនឈឺ ឬរងរបួសនៅក្នុងតំបន់ហ្គាហ្សា” ។
នាយករដ្ឋមន្ត្រីក៏បានប្រាប់ គណៈកម្មាធិការថវិការបស់សភាតំណាងថាទីក្រុងតូក្យូ នឹងព្យាយាមបើកកម្មវិធីពិសេសមួយ ដែលសាកលវិទ្យាល័យនានា អាចផ្តល់ឱកាសដល់ និស្សិត មកពីហ្គាហ្សា ទៅសិក្សានៅប្រទេសជប៉ុន ។ លោក Ishiba បានធ្វើការកត់សម្គាល់នៅពេលឆ្លើយ សំណួរសមាជិកសភា អំពីការត្រៀមខ្លួន របស់ប្រទេសជប៉ុន ក្នុងការជួយប្រជាជន នៅតំបន់ហ្គាហ្សា ដែលកំពុងរងទុក្ខលំបាក ដោយសារតែការវាយឆ្មក់តាមអាកាស និងការវាយលុកផ្សេងៗទៀត ដែលធ្វើឡើងដោយអ៊ីស្រាអែល បន្ទាប់ពីប្រទេសនេះត្រូវបានវាយប្រហារដោយក្រុមហាម៉ាស់ ក្នុងខែតុលា ឆ្នាំ២០២៣។
កាលពីខែមុនលោក Ishiba បានសន្យាថា ជប៉ុននឹងជួយសម្រួល ដល់ការអភិវឌ្ឍន៍ របស់ប៉ាឡេស្ទីន អំឡុងពេលជួបជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim នៅក្នុងប្រទេសអាស៊ី អាគ្នេយ៍ ដែលមានប្រជាជន ម៉ូស្លីមច្រើន ។ លោក Anwar បានបង្ហាញផែនការ កាលពីសប្តាហ៍មុន សម្រាប់រដ្ឋាភិបាល ម៉ាឡេស៊ី ក្នុងការបង្កើតមូលនិធិ ជាមួយរដ្ឋាភិបាលជប៉ុនក្នុងគោលបំណង សាងសង់មន្ទីរពេទ្យ សាលារៀន និងវិហារអ៊ីស្លាមនៅក្នុង តំបន់មជ្ឈិមបូព៌ា ៕