តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន ICANA នៃសភាអ៊ីរ៉ង់ បានរាយការណ៍ថា អ៊ីរ៉ង់ និងអ៊ីរ៉ាក់ បានលើកឡើងពីភាពចាំបាច់ ដើម្បីពង្រីក កិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីធានាសន្តិសុខ និងស្ថិរភាពនៅក្នុង តំបន់អាស៊ីខាងលិច នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
របាយការណ៍បានឲ្យដឹងថា នៅក្នុងសន្និសីទសារព័ត៌មានរួមមួយបន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេនៅក្នុងរដ្ឋធានីតេអេរ៉ង របស់អ៊ីរ៉ង់ ប្រធានសភាអ៊ីរ៉ង់លោក Mohammad Baqer Qalibaf និងសមភាគីអ៊ីរ៉ាក់ ដែលកំពុងបំពេញទស្សនកិច្ចលោក Mahmoud al-Mashhadani បានលើកឡើងពីភាពចាំបាច់ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី។
លោក Qalibaf បានលើកឡើងថា “យើងស្វែងរកការបង្កើនទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចទ្វេភាគីរបស់យើង ដែលនឹងរួមចំណែកដល់ការធានាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងក្នុងចំណោមប្រទេសជិតខាងអារ៉ាប់ មិនមែនអារ៉ាប់ និងរដ្ឋមូស្លីម” ។ លោក Qalibaf បានបន្ដថា ទំនាក់ទំនងរវាងប្រជាជនអ៊ីរ៉ង់ និងអ៊ីរ៉ាក់ សភា និងរដ្ឋាភិបាលបានឈាន ដល់កម្រិតកំពូលរបស់ពួកគេ ដោយបន្ថែមថា ក្នុងនាមជាប្រទេសមូស្លីមពីរ អ៊ីរ៉ង់ និងអ៊ីរ៉ាក់ តែងតែត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្ររណសិរ្សតស៊ូ និងសេចក្តីថ្លៃថ្នូររបស់ពិភពលោកមូស្លីម។
ដោយឡែក ប្រធានសភាអ៊ីរ៉ាក់ បានឲ្យដឹងថា បញ្ហាសំខាន់បំផុត ដែលត្រូវបានពិភាក្សាក្នុងអំឡុង ដំណើរទស្សនកិច្ច របស់លោកទៅកាន់ទីក្រុង តេអេរ៉ង់ រួមមានប្រធានបទ នៃព្រំដែន ទំនាក់ទំនងសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការសន្តិសុខ នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានអ៊ីរ៉ាក់ ។
លោកបានលើកឡើងថា “យើងបានពិភាក្សាអំពីមធ្យោបាយ ដើម្បីគាំទ្រដល់ស្ថិរភាពសន្តិសុខក្នុងតំបន់ ដោយសង្កត់ធ្ងន់ថា អ៊ីរ៉ាក់នឹងមិនបោះបង់ចោលគោលការណ៍អារ៉ាប់ និងឥស្លាមរបស់ខ្លួនទេ ហើយវាបើកចំហសម្រាប់មនុស្សគ្រប់គ្នា”។ ប្រភពពី ICANA បានឲ្យដឹងទៀតថា លោក Mashhadani បានផ្តល់ការធានាថា អ៊ីរ៉ាក់ នឹងតែងតែឈរនៅក្បែរអ៊ីរ៉ង់ និងជាស្លាប របស់ប្រទេសជិតខាង ដោយបង្ហាញក្តីសង្ឃឹមថា ទំនាក់ទំនងទ្វេភាគី នឹងប្រសើរឡើងបន្ថែមទៀត៕
ប្រែសម្រួល ឈូក បូរ៉ា