
ហ្គាហ្សា៖ ប្រភពពីការិយាល័យនយោបាយ នៃក្រុមហាម៉ាស់ បានឲ្យដឹងថា ចលនានេះបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចូលរួមការចរចាដោយប្រយោលជាមួយ អ៊ីស្រាអែល ដើម្បីអនុវត្តដំណាក់កាលទី២ នៃបទឈប់បាញ់ និងការដោះដូរអ្នកទោស សម្រាប់ចំណាប់ខ្មាំង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារ័ត៌មានចិនស៊ិនហួ។
ប្រភពដែលនិយាយក្នុងលក្ខខណ្ឌមិន បញ្ចេញឈ្មោះបានឲ្យដឹងថា “ក្រុមហាម៉ាស់ បានបំពេញលក្ខខណ្ឌទាំងអស់ នៃកិច្ចព្រមព្រៀង ហើយបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាប់ផ្តើមការចរចា ដោយប្រយោលជាមួយអ៊ីស្រាអែល ដើម្បីបញ្ចប់ដំណាក់កាលទីពីរ ដែលមានគោលបំណងបន្ធូរបន្ថយការឈឺ ចាប់របស់ប្រជាជនរបស់យើង” ។
នៅក្រោមកិច្ចព្រមព្រៀងឈប់បាញ់បីដំណាក់កាល ដែលសម្រេចបានរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ កាលពីខែមុន ការចរចាលើការអនុវត្តដំណាក់កាលទីពីរ គឺត្រូវចាប់ផ្តើមមុនរយៈពេល ១៦ថ្ងៃ នៃដំណាក់កាលទី១ ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃច័ន្ទ។
ទោះបីជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានធ្វើដំណើរទៅកាន់ ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យ ដើម្បីជួបជាមួយប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ ។ របាយការណ៍ប្រព័ន្ធ ផ្សព្វផ្សាយ បានបង្ហាញថា លោក ណេតាន់យ៉ាហ៊ូ បានសម្រេចចិត្តពន្យារពេល ការបញ្ជូនក្រុមចរចា ទៅកាន់ប្រទេសកាតា ដើម្បីពិភាក្សាលើ ដំណាក់កាលទីពីរ រហូតដល់បន្ទាប់ពីកិច្ចប្រជុំ របស់លោកជាមួយ លោក ត្រាំ ។
គួរបញ្ជាក់ថា ចាប់តាំងពីបទឈប់បាញ់ ចូលជាធរមាននៅថ្ងៃទី ១៩ ខែមករា ក្រុមហាម៉ាស់ បានដោះលែងចំណាប់ខ្មាំង ១៨ នាក់ជាថ្នូរនឹងការដោះលែងជនជាតិប៉ាឡេស្ទីនរាប់រយនាក់ ចេញពីពន្ធនាគាររបស់ខ្លួន៕
