បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសនៅថ្ងៃអង្គារថា សហរដ្ឋអាមេរិកនឹងដកខ្លួនចេញពី ស្ថាប័នសិទ្ធិមនុស្សកំពូលរបស់អង្គការសហប្រជាជាតិ ហើយនឹងមិនបន្តផ្តល់មូលនិធិសម្រាប់ ទីភ្នាក់ងារអង្គការសហប្រជាជាតិ ជួយជនភៀសខ្លួនប៉ាឡេស្ទីនទៀតឡើយ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា សហរដ្ឋអាមេរិកបានចាកចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវកាលពីឆ្នាំមុន ហើយអាមេរិកបានបញ្ឈប់ការផ្តល់មូលនិធិ ដល់ទីភ្នាក់ងារជួយជនភៀសខ្លួនប៉ាឡេស្ទីន ដែលត្រូវបានគេស្គាល់ថា UNRWA បន្ទាប់ពីអ៊ីស្រាអែលបានចោទប្រកាន់ថា វាបានផ្តល់ជម្រកឱ្យក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលបានចូលរួមក្នុងការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ 2023 នៅភាគខាងត្បូងអ៊ីស្រាអែល ដែល UNRWA បានបដិសេធ។
ការប្រកាសរបស់លោក Trump បានកើតឡើងនៅថ្ងៃដែលលោកបាន ជួបជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu ដែលប្រទេសរបស់លោកបានចោទប្រកាន់ ជាយូរមកហើយទាំងស្ថាប័នសិទ្ធិមនុស្ស និង UNRWA ពីភាពលំអៀងប្រឆាំងនឹងអ៊ីស្រាអែល និងការប្រឆាំងពួកជ្វីស។
បទបញ្ជាប្រតិបត្តិរបស់លោក Trump ក៏អំពាវនាវឱ្យមានការពិនិត្យឡើងវិញអំពី ការចូលរួមរបស់ជនជាតិអាមេរិក នៅក្នុងអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ដែលត្រូវបានគេស្គាល់ថា UNESCO និងការពិនិត្យឡើងវិញលើការផ្តល់មូលនិធិ របស់សហរដ្ឋអាមេរិកសម្រាប់អង្គការសហប្រជាជាតិ ក្រោមហេតុផលនៃ “ភាពខុសគ្នាខ្លាំងនៅក្នុងកម្រិតនៃមូលនិធិក្នុងចំណោម ប្រទេសផ្សេងគ្នា”។
សហរដ្ឋអាមេរិក ដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោក ចំណាយ ២២ភាគរយ នៃថវិកាប្រតិបត្តិការទៀងទាត់ របស់អង្គការសហប្រជាជាតិ ដោយប្រទេសចិនជាអ្នករួមចំណែកធំទីពីរ ៕
ប្រែសម្រួលៈ ណៃ តុលា