បរទេស ៖ ឧបនាយករដ្ឋមន្ត្រីថៃ លោក ភូថម វ៉េឆាយ៉ាឆៃ បាននិយាយ កាលពីយប់ ថ្ងៃអង្គារថា ប្រទេសថៃ នឹងកាត់ផ្តាច់ អគ្គិសនី សេវាអ៊ីនធឺណិត និង ការផ្គត់ផ្គង់ប្រេងឥន្ធនៈ ដល់តំបន់ចំនួនប្រាំរបស់ប្រទេស មីយ៉ាន់ម៉ានៅព្រឹកថ្ងៃពុធ ខណៈដែលថៃ គឺព្យាយាមធ្វើឱ្យខូចដំណើរការដល់ក្រុម ឆបោកតាមមជ្ឈមណ្ឌលទូរស័ព្ទ ដែលបានក្លាយជាការ គំរាមកំហែង ដល់សន្តិសុខជាតិ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ការសម្រេចនេះ បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ ដែលមានការចូលរួមដោយលោក ភូថម វ៉េឆាយ៉ាឆៃ ដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិ រួមជាមួយនឹង មន្ត្រីជាន់ខ្ពស់ផ្សេងទៀត ដែលបានសន្និដ្ឋានថា ការគំរាមកំហែងផ្នែក សន្តិសុខបានបង្ហាញពីភាពសមហេតុផលចំពោះចំណាត់ការលើក្រុមឧក្រិដ្ឋជន។
តំបន់ចំនួនបីដែលក្រុមឧក្រិដ្ឋជនត្រូវបានគេដឹងថាកំពុងប្រតិបត្តិការកំពុងត្រូវបានកំណត់គោលដៅគឺនៅ Myawaddy ឆ្លងកាត់ពី Mae Sot ក្នុងខេត្តតាក, តំបន់ Payathonzu, ទល់មុខវត្តបីក្នុងខេត្ត Kanchanaburi; និង Tachilek ទល់មុខស្រុក Mae Sai ក្នុងខេត្តឈៀងរ៉ៃ។
លោក ភូថម វ៉េឆាយ៉ាឆៃ បាននិយាយថា ចាប់ពីម៉ោង ៩ព្រឹកថ្ងៃពុធ សេវាកម្មនឹងត្រូវបានកាត់ផ្តាច់ ទៅកាន់អ្នកចែកចាយ ថាមពលដែលមានមូលដ្ឋាននៅមីយ៉ាន់ម៉ា នៅចំណុចតភ្ជាប់ចំនួនប្រាំ ។ ចំណែកក្រសួងការបរទេសថៃ គឺមានភារកិច្ច ជូនដំណឹងដល់រដ្ឋាភិបាល មីយ៉ាន់ម៉ា និងជូនដំណឹងដល់មន្ទីរពេទ្យ និងសហគមន៍ ដែលអាចរងផល ប៉ះពាល់ដើម្បីធ្វើការត្រៀមរៀបចំ។
ភ្លាមៗនោះ គេមិនទាន់ដឹងច្បាស់ថា តើអតិថិជន អគ្គិសនីប៉ុន្មាននាក់ ដែលមិនមានទំនាក់ទំនង ជាមួយនឹងសកម្មភាព ខុសច្បាប់ នឹងត្រូវរងផលប៉ះពាល់ ហើយតើពួកគេអាចចាត់វិធានការបែបណានោះទេ។ កាលពីព្រឹកថ្ងៃអង្គារ នាយករដ្ឋមន្ត្រី ថៃ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បានអនុម័តការបញ្ចប់ជាបន្ទាន់ ចំពោះការផ្តល់ប្រេងឥន្ធនៈ និងអគ្គិសនីដល់ទីតាំង ដែលជាប់ទាក់ទងនឹងក្រុម ឆបោកតាមអ៊ិនធ័រណិត ដែលកំពុងប្រតិបត្តិការនៅ ក្នុងប្រទេសមីយ៉ាន់ម៉ា។
លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា បាននិយាយថា មានភស្តុតាង ច្បាស់លាស់ដែលថា ក្រុមអ្នកបោកប្រាស់ ទទួលបានអត្ថប្រយោជន៍ពីថាមពល និងប្រេងដែលផ្តល់ពីប្រទេសថៃ នោះការផ្គត់ផ្គង់អាចត្រូវបានកាត់ផ្តាច់ភ្លាមៗ៕
ប្រែសម្រួលៈ ណៃ តុលា