បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីបណ្តោះអាសន្ន ដែលស្ថិតនៅក្នុងសម័យអន្តរកាល របស់ប្រទេសស៊ីរី លោក Ahmed al-Sharaa បានប្រកាសថា ការបោះឆ្នោតនឹងមិនត្រូវ បានប្រារព្ធឡើងរហូតដល់៥ឆ្នាំ ដោយលើកឡើងពីតម្រូវការ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ របស់ប្រទេសឡើងវិញ និងបង្កើតប្រព័ន្ធនយោបាយ ដែលមានមុខងារជារឿងចាំបាច់នៅពេលនេះ ។
លោកAl-Sharaa ដែលត្រូវបានគេស្គាល់ថា Abu Mohammad al-Joulani បានឡើងកាន់អំណាចនៅខែធ្នូ ឆ្នាំ២០២៤បន្ទាប់ពីក្រុមជីហាដដឹកនាំដោយ Hayat Tahrir al-Sham (HTS) បានផ្តួលរំលំរដ្ឋាភិបាលរបស់លោក Bashar Assad ។
លោក Assad ដែលបានគ្រប់គ្រង ប្រទេសស៊ីរីតាំងពីឆ្នាំ២០០០បានភៀសខ្លួនទៅកាន់ប្រទេសរុស្ស៊ី ជាកន្លែងដែលគាត់ និងក្រុមគ្រួសាររបស់គាត់ត្រូវ បានផ្តល់សិទ្ធិជ្រកកោនហើយ អាជ្ញាធរថ្មី បានផ្អាករដ្ឋធម្មនុញ្ញ និងបានប្រកាសពីរយៈពេលអន្តរកាលក្រោមការដឹកនាំរបស់ HTS។
គួរឲ្យដឹងដែរថាពិភាក្សាអំពីការកំណត់ពេលវេលា សម្រាប់ការបោះឆ្នោតនៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ស៊ីរីកាលពីថ្ងៃចន្ទ លោក Al-Sharaa បាននិយាយថា ជំហានបែបនេះនឹង មិនអាចទៅរួចក្នុងរយៈពេលខ្លីនោះទេ ដោយសារឧបសគ្គរចនាសម្ព័ន្ធ និងភស្តុភារជាដើម។
បច្ចុប្បន្នសហរដ្ឋអាមេរិកបាននិង កំពុងធ្វើការដើម្បីដកឈ្មោះក្រុម HTS ចេញពីបញ្ជីឈ្មោះភេរវកររបស់ខ្លួន ដោយក្រុមមន្ត្រីត្រូវបានគេរាយការណ៍ថា កំពុងពិចារណាជំហាននេះជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីចូលរួមជាមួយថ្នាក់ដឹកនាំថ្មីរបស់ប្រទេសស៊ីរី៕
ប្រែសម្រួល៖ស៊ុនលី