បរទេស៖ យោងតាមការចេញផ្សាយរបស់ RT យន្តហោះយោធាអាមេរិកមួយគ្រឿង បានដឹកជនចំណាកស្រុកខុសច្បាប់ចំនួន ២០៥នាក់ ត្រឡប់ទៅប្រទេសឥណ្ឌាវិញ។
ប្រភពដដែលបានសរសេរទៀតថានេះ ជាលើកទីមួយហើយដែលអាមេរិកប្រើយន្តហោះយោធាដើម្បីនិរទេសជនជាតិឥណ្ឌា ខណៈដែលរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump កំពុងបើកប្រតិបត្តិការបង្ក្រាបជនអន្តោប្រវេសន៍ ខុសច្បាប់យ៉ាងខ្លាំងក្លានៅទូទាំងប្រទេសនាពេលបច្ចុប្បន្ន។
យន្តហោះប្រភេទ C-17 Globemaster របស់កងទ័ពអាកាសត្រូវបានប្រើដើម្បីដឹកជនជាតិឥណ្ឌា ត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេ។
របាយការណ៍នេះបានអះអាងថា នេះគឺជាចម្ងាយឆ្ងាយបំផុតដែលជើងហោះហើរយោធាបានធ្វើដំណើរ ដើម្បីបញ្ជូនជនចំណាកស្រុកត្រឡប់មកវិញចាប់តាំងពីលោក Trump ចូលកាន់តំណែង។
គួរឲ្យដឹងដែរថាយន្តហោះនេះបានហោះចេញពីមូលដ្ឋានទ័ពអាកាសអាមេរិកនៅទីក្រុង San Antonio រដ្ឋតិចសាស់ ហើយបានចុះចតនៅ Amritsar ក្នុងរដ្ឋ Punjab នេះបើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាក្នុងស្រុកបានចេញផ្សាយផងដែរ៕
ប្រែសម្រួល៖ ស៊ុនលី
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)