ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Sadyr Nurgozhoevich Japarov ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន

នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ នៅវិមានសភាប្រជាជនក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោកSadyr Nurgozhoevich Japarov ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ។

លោក Xi Jinping បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងចិន-កៀហ្ស៊ីស៊ីស្ថាន សម្រេចបាននូវការអភិវឌ្ឍបែបលោតផ្លោះ និងឈានដល់កម្រិតខ្ពស់ថ្មីនៃទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងយុគសម័យថ្មី។ ប្រទេសចិនគាំទ្រកៀហ្ស៊ីស៊ីស្ថាន ក្នុងការដើរតាមផ្លូវអភិវឌ្ឍន៍ដែល សមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន ហើយមានឆន្ទៈក្នុងការធ្វើឱ្យស៊ីជម្រៅ នូវការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ ជាមួយកៀហ្ស៊ីស៊ីស្ថាន។

លោក Xi Jinping បានគូសបញ្ជាក់ថា ភាគីទាំងពីរគួរតែបន្តត្រួសត្រាយគំនិតថ្មីៗ ដើម្បីជំរុញឱ្យមានភាពស៊ីជម្រៅ ជាបន្តបន្ទាប់នូវកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ដោយផ្តោតសំខាន់លើការរួមគ្នាកសាង “ខ្សែក្រវាត់ និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់។

ជាការឆ្លើយតប លោកJaparov បានថ្លែងថា លោកពិតជាសប្បាយរីករាយណាស់ ដែលបានបំពេញទស្សនកិច្ច នៅប្រទេសចិននៅដើមឆ្នាំថ្មីនេះ លោកសូមជូនពរឆ្នាំថ្មីដល់លោកប្រធានរដ្ឋចិន Xi Jinping និងប្រជាជនចិន និងសូមជូនពរឱ្យប្រទេសចិន ទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាលើកទី៩។

ប្រទេសចិនគឺជាមិត្ត និងជាដៃគូជាទីទុកចិត្តរបស់កៀហ្ស៊ីស៊ីស្ថាន គ្រប់ស្ថាប័ននិងតំបន់រវាងប្រទេសទាំងពីរ បានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងទទួលបានសមិទ្ធផលជាផ្លែផ្កា។ កៀហ្ស៊ីស៊ីស្ថាននឹងបន្តគាំទ្រចិនយ៉ាងមុតមាំ លើបញ្ហាទាក់ទិននឹងតំបន់តៃវ៉ាន់ ស៊ីនជាំង និងហុងកុង៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top