វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចាត់វិធានការប្រតិបត្តិមួយ ដើម្បីស្តារឡើងវិញនូវយុទ្ធនាការ ដែលគេហៅថា “សម្ពាធអតិបរមា” លើប្រទេសអ៊ីរ៉ង់ ក្នុងគោលបំណងរារាំងសាធារណរដ្ឋអ៊ីស្លាម ពីការទទួលបានអាវុធនុយក្លេអ៊ែរ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅក្នុងការិយាល័យរាងពងក្រពើ ខណៈដែលលោកកំពុងចុះហត្ថលេខាលើឯកសារ ដែលខ្លឹមសារពិតប្រាកដ និងទម្រង់នៃសេតវិមានមិនទាន់បង្ហាញ ជាសាធារណៈនៅឡើយទេ លោក ត្រាំ បានឲ្យដឹងថា លោកបានចាត់វិធានការនេះដោយស្ទាក់ស្ទើរ ដោយបន្ថែមថា លោកសង្ឃឹមថា វិធានការនេះនឹងនាំទៅរកការចរចាជាមួយទីក្រុងតេអេរ៉ង់។
លោក ត្រាំ បានលើកឡើងថា “ដូច្នេះនេះគឺជារឿងមួយ ដែលខ្ញុំបង្ហាញ មនុស្សគ្រប់គ្នាចង់ឱ្យខ្ញុំចុះហត្ថលេខាលើវា ខ្ញុំនឹងធ្វើវា។ វាពិតជាលំបាកណាស់ សម្រាប់អ៊ីរ៉ង់ យើងនឹងមើលថា តើយើងអាចរៀបចំ ឬដោះស្រាយកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ បានឬអត់”។
លោកប្រធានាធិបតីបានបន្តថា “ដូច្នេះខ្ញុំចុះហត្ថលេខានេះ ហើយខ្ញុំមិនសប្បាយចិត្តនឹងធ្វើវាទេ ប៉ុន្តែខ្ញុំពិតជាមិនមានជម្រើសច្រើនទេ ព្រោះយើងត្រូវតែរឹងមាំ ខ្ញុំចង់និយាយថា យើងនឹងឃើញពួកគេមិនអាចមាន អាវុធនុយក្លេអ៊ែរជាមួយអាណត្ដិខ្ញុំ។ វាសាមញ្ញណាស់ អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបានទេ”។
លោក ត្រាំ បានចាត់វិធានការភ្លាមៗ មុនពេលលោកបានជួបនៅសេតវិមាន ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ ដែលគោលដៅមួយក្នុងចំណោមគោលដៅ របស់ពួកគេក្នុងអំឡុងពេលទស្សនកិច្ច នៅទីក្រុងវ៉ាស៊ីនតោន គឺដើម្បីអំពាវនាវឱ្យរដ្ឋបាលលោក ត្រាំ បញ្ចេញសម្ពាធបន្ថែមទៀតលើប្រទេសអ៊ីរ៉ង់៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
