ព័ត៌មានអន្តរជាតិ

ចិន ចូលកាន់តំណែងក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ សម្រាប់ខែកុម្ភៈ

ប៉េកាំង៖ លោក Fu Cong តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិបានឲ្យដឹងថា ចិននឹងធ្វើការលើអាទិភាពនៃការបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តរបស់ប្រទេសសមាជិក ចំពោះពហុភាគីនិយម និងការពង្រឹងអភិបាលកិច្ចសកល ខណៈពេលដែលចូលកាន់តំណែងជាប្រធានប្តូរវេន នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិសម្រាប់ខែកុម្ភៈ។

លោកបានឲ្យដឹងថា នៅពេលដែលពិភពលោកឈានចូលដល់ ដំណាក់កាលដ៏ច្របូកច្របល់ខ្លាំង ហើយចំនួនជម្លោះនៅទូទាំងពិភពលោក បានកើនឡើងដល់កម្រិតខ្ពស់ថ្មី ចាប់តាំងពីសង្គ្រាមត្រជាក់មក មានការអំពាវនាវកាន់តែខ្លាំងឡើង នៅក្នុងសហគមន៍អន្តរជាតិ ក្នុងចំណោមពិភពលោកខាងត្បូង ជាពិសេសសម្រាប់កំណែទម្រង់ និងការកែលម្អប្រព័ន្ធអភិបាលកិច្ចពិភពលោក។

លោកបានលើកឡើងថា “នៅឯក្រុមប្រឹក្សាសន្តិសុខ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការត្រូវបានជំនួសដោយការបែងចែក និងការប្រឈមមុខគ្នា។ ជាញឹកញាប់ ក្រុមប្រឹក្សា មិនអាចធ្វើអ្វីបាននៅពេលប្រឈមមុខនឹងវិបត្តិសន្តិសុខធំៗ។ ស្ថានភាពនេះមិនអាចបន្តទៅមុខបាននោះទេ”។

លោកបន្ដថា ក្រោមគំនិតផ្តួចផ្តើមរបស់ខ្លួន ប្រទេសចិននឹងធ្វើជាប្រធានកិច្ចពិភាក្សា បើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខ ដែលគ្រោងធ្វើនៅថ្ងៃទី១៨ ខែកុម្ភៈ លើប្រធានបទ “ការអនុវត្តពហុភាគីនិយម កំណែទម្រង់ និងការកែលម្អអភិបាលកិច្ចសកល” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារ័ត៌មានចិនស៊ិនហួ។

ប្រេសិតរូបនេះបានបន្ថែមថា “នៅពេលយើងប្រារព្ធខួបលើកទី ៨០ នៃការបង្កើតអង្គការសហប្រជាជាតិនៅឆ្នាំនេះ ការជជែកដេញដោលមានគោលបំណង លើកទឹកចិត្តប្រទេសនានាឱ្យពិនិត្យមើលឡើងវិញ នូវសេចក្តីប្រាថ្នាដើមរបស់អង្គការសហប្រជាជាតិ បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត របស់ពួកគេចំពោះពហុភាគីនិយម និងតួនាទីសំខាន់របស់អង្គការសហប្រជាជាតិ រួមទាំងក្រុមប្រឹក្សាសន្តិសុខ និងស្វែងរកមធ្យោបាយកែទម្រង់ និងកែលម្អអភិបាលកិច្ចពិភពលោក”។

ទាក់ទងនឹងបញ្ហាសកល និងតំបន់ លោក Fu បានលើកឡើងថា ស្ថាប័នដែលមានសមាជិកចំនួន ១៥ នឹងបន្តផ្តោតលើមជ្ឈិមបូព៌ា ហើយខិតខំស្វែងរកដំណោះស្រាយនយោបាយយូរអង្វែង។ លោកបានប្រាប់អ្នកយកព័ត៌មានថា “វាចាំបាច់សម្រាប់ក្រុមប្រឹក្សាសន្តិសុខ ដើម្បីយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងចាត់វិធានការទាន់ពេលវេលាដើម្បីធានាថា កិច្ចព្រមព្រៀងពាក់ព័ន្ធត្រូវបានអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាព ហើយការចូលប្រើប្រាស់ មនុស្សធម៌នៅតែបើកចំហ និងគ្មានការរារាំង ចិននឹងជំរុញឱ្យក្រុមប្រឹក្សាតាមដានយ៉ាងដិតដល់ នូវបញ្ហាប្រឈមដែលប្រឈមមុខនឹង UNRWA (ទីភ្នាក់ងារជំនួយរបស់អង្គការ សហប្រជាជាតិសម្រាប់ប៉ាឡេស្ទីន)”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top