បរទេស៖ ប៉ុស្តិ៍ Fox News បានជួលកូនប្រសារស្រី របស់ប្រធានាធិបតីអាមេរិក គឺលោកស្រី Lara Trump ធ្វើជាពិធីករក្នុងកម្មវិធីចុងសប្តាហ៍ថ្មី ដែលនឹងចាប់ផ្តើមនៅចុងខែនេះ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា Trump គឺជាអ្នករួមចំណែកដែលបានបង្ហាញខ្លួននៅលើ Fox ក្នុងឆ្នាំ ២០២១ និង ២០២២ បន្ទាប់ពីប្រធានាធិបតី Donald Trump បានចាញ់ការបោះឆ្នោត ក្នុងតំណែងប្រធានាធិបតីសម្រាប់អាណត្តិទីពីររបស់លោក បន្ទាប់មកបានធ្វើជាសហប្រធាន នៃគណៈកម្មាធិការជាតិសាធារណរដ្ឋ។
Fox បានប្រកាសកាលពីថ្ងៃពុធថា កម្មវិធីរយៈពេលមួយម៉ោងរបស់លោកស្រី គឺ “My View with Lara Trump” នឹងចាក់ផ្សាយនៅម៉ោង ៩ យប់ នៅយប់ថ្ងៃសៅរ៍ ។ Lara Trump គ្រោងនឹងចាប់ផ្ដើមកម្មវិធីរបស់នាងនៅថ្ងៃទី ២២ ខែកុម្ភៈ។
Fox បាននិយាយនៅក្នុងការប្រកាសរបស់ខ្លួនថា កម្មវិធីរបស់លោក Trump “នឹងផ្តោតលើការវិលត្រឡប់នៃ សុភវិនិច្ឆ័យទៅកាន់គ្រប់ជ្រុង នៃជីវិតរបស់អាមេរិកនៅពេលដែលប្រទេសនេះ ចាប់ផ្តើមនៅក្នុងយុគសម័យថ្មីនៃការអនុវត្តជាក់ស្តែង” ។
សូមបញ្ជាក់ថា Jenna ដែលជាកូនស្រីរបស់អតីតប្រធានាធិបតីអាមេរិក George W. Bush ក៏ធ្លាប់ជាពិធីករនៅក្នុងកម្មវិធី “Today” របស់ទូរទស្សន៍ NBC ផងដែរ ។ ចំណែកលោកស្រី Chelsea Clinton ក៏បានធ្វើការជាអ្នកយកព័ត៌មានរបស់ NBC News ខណៈដែលម្តាយរបស់លោកស្រី គឺលោកស្រី Hillary គឺជារដ្ឋមន្រ្តីការបរទេសអាមេរិក។ Meghan McCain កូនស្រីរបស់អតីតសមាជិកព្រឹទ្ធសភាអាមេរិក John McCain ក៏ជាពិធីករក្នុងកម្មវិធីជជែកពិភាក្សាពេលថ្ងៃ “The View” របស់ ABC ដូចគ្នាដែរ ៕
ប្រែសម្រួលៈ ណៃ តុលា