បរទេស៖ ការប៉ុនប៉ងជាថ្មីដើម្បីលក់ឡៃឡុងផ្ទះគ្រួសារ របស់អតីតមេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី ដែលកំពុងជាប់ឃុំ គឺមិនបានជោគជ័យនោះទេកាលពីថ្ងៃពុធ ដោយគ្មានអ្នកទិញ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា វាជាការប៉ុនប៉ងលើកទី៣ ដើម្បីលក់អចលនទ្រព្យនៅមាត់បឹង ដែលលោកស្រី ស៊ូជី ត្រូវបានឃុំខ្លួនក្នុងផ្ទះអស់រយៈពេលជិត ១៥ ឆ្នាំ។ វាត្រូវបានចាត់ទុកយ៉ាងទូលំទូលាយថា ជាចំណុចប្រវត្តិសាស្ត្រនៃ ការតស៊ូអហិង្សារបស់លោកស្រី ប្រឆាំងនឹងការគ្រប់គ្រងដោយយោធា ដែលលោកស្រីបានឈ្នះរង្វាន់ណូបែលសន្តិភាព។
នៅក្នុងការប៉ុនប៉ងលើកមុននៅឯការលក់ឡៃឡុងកាលពីខែសីហាឆ្នាំមុន តម្លៃដែលស្នើដោយតុលាការគឺ ១៤២លានដុល្លារ។ កាលពីថ្ងៃពុធ វាត្រូវបានកាត់បន្ថយចំនួន ១ លានដុល្លារ មកត្រឹម ១៤១ លានដុល្លារ ដោយលើកទី១ គឺប្រកាសលក់ ១៥០លានដុល្លារ។
រដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី ស៊ូជី ត្រូវបានយោធាទម្លាក់ចេញពីអំណាចក្នុងខែកុម្ភៈ ឆ្នាំ ២០២១។ ពេលនេះលោកស្រីកំពុងជាប់ពន្ធនាគាររហូតដល់ ២៧ ឆ្នាំ បន្ទាប់ពីត្រូវបានកាត់ទោសពី បទឧក្រិដ្ឋជាច្រើនដែលក្រុមអ្នកគាំទ្រនិយាយថា ជាការប្រឌិតដើម្បីបង្ខូចកេរ្តិ៍ឈ្មោះលោកស្រី៕
ប្រែសម្រួលៈ ណៃ តុលា
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)