បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi គ្រោងនឹងជួបពិភាក្សាទ្វេភាគី ជាមួយប្រធានាធិបតីអាមេរិក Donald Trump នៅដើមសប្តាហ៍ក្រោយ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ លោកទៅកាន់ទីក្រុងវ៉ាស៊ីនតោន។
យោងតាមរដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Vikram Misri បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃសុក្រ បានឱ្យដឹងទៀតថា កិច្ចពិភាក្សានេះត្រូវបានគេរំពឹងថា នឹងផ្តោតលើវិស័យសំខាន់ៗដូចជា ពាណិជ្ជកម្ម ការពារជាតិ និងប្រឆាំងភេរវកម្មផងដែរ។
មេដឹកនាំទាំងពីរបាននិយាយ តាមទូរស័ព្ទកាលពីថ្ងៃទី២៧ ខែមករា រួចម្តងមកហើយដែលកាលនោះលោកTrump បានពិភាក្សាអំពីបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់ និងបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ទំនាក់ទំនង ពាណិជ្ជកម្មដែលមានតុល្យភាព បន្ថែមទៀតរវាងប្រជាជាតិទាំងពីរ។
កាលពីថ្ងៃពុធ ប្រជាជនឥណ្ឌា ១០៤ នាក់ត្រូវបានបញ្ជូនទៅផ្ទះវិញ តាមយន្តហោះដឹកជញ្ជូន C-17 របស់យោធាអាមេរិកហើយ វីដេអូមួយដែលត្រូវបានចេញផ្សាយ ដោយអាជ្ញាធរអាមេរិកដែលបង្ហាញពី អ្នកនិរទេសនៅក្នុងខ្នោះដៃ និងជើងបានបង្កឱ្យមានកំហឹង នៅក្នុងប្រទេសឥណ្ឌាយ៉ាងខ្លាំង។
ប្រទេសឥណ្ឌាបានបង្ហាញការព្រួយបារម្ភ ចំពោះអាមេរិកលើបញ្ហានិរទេសខ្លួន ដែលទោះជាយ៉ាងណាក៏ដោយលោក Misri បាននិយាយថា ជំងឺមហារីកពិតប្រាកដគឺជាការបំភាន់ នៃជនស្លូតត្រង់ឱ្យធ្វើអន្តោប្រវេសន៍ខុសច្បាប់ប៉ុណ្ណោះ។
រដ្ឋាភិបាលញូវដែលីមុននេះ បានប្តេជ្ញាបង្ក្រាបសកម្មភាពបែបនេះ ហើយរដ្ឋមន្ត្រីរូបនេះបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនបានជូនដំណឹងដល់ទីក្រុងញូវដែលីថា ពលរដ្ឋឥណ្ឌាចំនួន ៤៨៧ នាក់ទៀត ដែលត្រៀមខ្លួនរួចជាស្រេចសម្រាប់ការ ដកចេញពីសហរដ្ឋអាមេរិក ហើយជើងហោះហើរនិរទេសបន្ថែមអាចនឹងកើតឡើង ៕
ប្រែសម្រួល៖ ស៊ុន លី
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)