ព័ត៌មានអន្តរជាតិ

ភ្ញៀវទេសចរណ៍ចិន សម្តែងការព្រួយបារម្ភចំពោះការធ្វើដំណើរ ទៅកាន់ប្រទេសជប៉ុន បន្ទាប់ពីការស្លាប់អ្នកនាង សានឆាយ តួស្រីរឿង F4

VN Express

បរទេស៖ ទីភ្នាក់ងារទេសចរណ៍ចិនបានរាយការណ៍ពីការកើនឡើងនៃការសាកសួរព័ត៌មានពីអ្នកទេសចរអំពីហានិភ័យនៃការធ្វើដំណើរទៅកាន់ប្រទេសជប៉ុន បន្ទាប់ពីការស្លាប់របស់តារាសម្តែងតៃវ៉ាន់ អ្នកនាង Barbie Hsu ដែលគេស្គាល់ថា សាន់ឆាយ ដោយសារតែរលាកសួតទាក់ទងនឹងជំងឺផ្តាសាយ។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា បុគ្គលិកម្នាក់នៅទីភ្នាក់ងារទេសចរណ៍ Guangda ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងបាននិយាយថា ខណៈដែលចំនួនអ្នកធ្វើដំណើរដែលគ្រោងធ្វើដំណើរទៅប្រទេសជប៉ុន មិនមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ចាប់តាំងពីការស្លាប់របស់អ្នកនាង Hsu ការសាកសួរអំពីហានិភ័យនៃការធ្វើដំណើរ ការធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្ត និងថ្នាំដែលត្រូវបានណែនាំ គឺបានកើនឡើង។

អ្នកធ្វើដំណើរជាច្រើនក៏កំពុងប្រៀបធៀបភាពធ្ងន់ធ្ងរនៃការផ្ទុះជំងឺផ្តាសាយនៅក្នុងប្រទេសជប៉ុនទៅនឹងរលកផ្តាសាយមុននៅក្នុងប្រទេសចិនផងដែរ។

“Barbie Hsu’s Passing ឬ ការស្លាប់របស់ Barbie Hsu ” បានក្លាយជាការស្វែងរកពេញនិយមបំផុតមួយនៅលើ Weibo យ៉ាងឆាប់រហ័ស ខណៈដែល “Japanese Flu” ក៏ទទួលបានការចាប់អារម្មណ៍ផងដែរ។

ដោយសារប្រទេសជប៉ុននៅតែជាគោលដៅទេសចរណ៍កំពូលសម្រាប់ភ្ញៀវទេសចរចិន ការផ្ទុះឡើងនៃជំងឺគ្រុនផ្តាសាយដែលកំពុងបន្តបានបង្កឱ្យមានការពិភាក្សាយ៉ាងក្តៅគគុកលើអ៊ីនធឺណិត ដោយអ្នកនិយមលេងអ៊ីនធឺណិតចែករំលែកបទពិសោធន៍របស់ពួកគេពីការឆ្លងជំងឺគ្រុនផ្តាសាយពេលទៅលេងប្រទេសជប៉ុន។

ប្រទេសចិនគឺជាប្រភពទេសចរណ៍ធំទីពីរទៅកាន់ប្រទេសជប៉ុនកាលពីឆ្នាំមុនដោយមានភ្ញៀវទេសចរចំនួន ៦,៩៨ លាននាក់ ជិតបីដងនៃចំនួននៅឆ្នាំ ២០២៣ ដោយតាមពីក្រោយកូរ៉េខាងត្បូងដែលមាន ៨,៨២ លាននាក់ នេះបើយោងតាមសារព័ត៌មានក្យូដូ។

Hsu អាយុ ៤៩ ឆ្នាំដែលត្រូវបានគេស្គាល់ជាទូទៅថា Big S និងជាតារាសម្តែងជាទីស្រឡាញ់នៅអាស៊ីបូព៌ានិងអាគ្នេយ៍បានទទួលមរណភាពនៅថ្ងៃទី ២ ខែកុម្ភៈក្នុងដំណើរកម្សាន្តគ្រួសារទៅប្រទេសជប៉ុនសម្រាប់ថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី។

ការស្លាប់របស់នាងបានជំរុញឱ្យអ្នកជំនាញផ្នែកសុខភាពក្នុងប្រទេសថៃ និងហុងកុង ណែនាំជនជាតិរបស់ពួកគេឱ្យពិចារណាឡើងវិញនូវផែនការធ្វើដំណើរទៅកាន់ប្រទេសជប៉ុន៕

ប្រែសម្រួលៈ ណៃ តុលា

To Top