បរទេស ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា ដែលកំពុងស្វែងរកការ បន្ធូរបន្ថយកង្វល់ផ្នែកសន្តិសុខ ក្នុងចំណោមភ្ញៀវទេសចរចិន ដែលមកលេងប្រទេសថៃ បាននិយាយថា លោកស្រី មាន “ឈាមជ័រចិន នៅក្នុងខ្លួន” ហើយថា លោកស្រីបានពិនិត្យ ដោយផ្ទាល់ទៅក្នុងពិធីការសន្តិសុខ ដើម្បីធានាសុវត្ថិភាពរបស់ពលរដ្ឋចិន ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា សន្តិសុខនៅក្នុងប្រទេសថៃ ត្រូវបានគេរាយការណ៍ថា បានក្លាយជាប្រធានបទ នៃការសន្ទនា ដ៏ពេញនិយមក្នុងចំណោមជនជាតិចិន ចាប់តាំងពីតារាសម្តែង ជនជាតិចិនម្នាក់ ត្រូវបានជួយសង្គ្រោះ ពីមណ្ឌលបោកប្រាស់ ក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីត្រូវបានគេចាប់ ពង្រត់នៅទីនេះកាលពីខែមុន។
លោកស្រី ផែតងតាន បានប្រាប់សារព័ត៌មានរដ្ឋ China Daily ក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍ថា “ប្រជាជនថៃតែងតែមកប្រទេសចិន ហើយមានអារម្មណ៍ដូចជាមកលេងផ្ទះខ្លួនឯង ដូច្នេះខ្ញុំសង្ឃឹមថាប្រជាជនចិនអាចមកប្រទេសថៃ និងមានអារម្មណ៍ថាមកលេងផ្ទះខ្លួនដូច្នេះដែរ”។
ក្រៅពីការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិនលើហេដ្ឋារចនាសម្ព័ន្ធ យានជំនិះអគ្គិសនី និងសេដ្ឋកិច្ចឌីជីថល ការធានាដល់សាធារណជនចិន នៅពេលទៅលេងស្រុកកំណើត គឺជាអាទិភាពកំពូល។
មួយថ្ងៃមុនពេលលោកស្រី បានទៅដល់ទីក្រុងប៉េកាំង, រដ្ឋាភិបាលថៃ បាននិយាយថា ខ្លួននឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី ទៅកាន់តំបន់ព្រំដែនមួយចំនួន ជាមួយប្រទេសមីយ៉ាន់ម៉ា ដើម្បីគ្រប់គ្រងមជ្ឈមណ្ឌលបោកប្រាស់ ដែលបានចាប់មនុស្សជាច្រើនសញ្ជាតិ៕